ខេត្តស្ទឹងត្រែង៖ ជនសង្ស័យប្រព្រឹត្តបទល្មើសនេសាទម្នាក់ ត្រូវបានឃាត់ខ្លួន រួមទាំងឧបករណ៍នេសាទជាច្រើនប្រភេទ ថ្នាំញៀន ១កញ្ចប់តូច និងសម្ភារៈសម្រាប់ជក់គ្រឿងញៀន ១ឈុត ត្រូវបានដកហូត នៅក្នុងប្រតិបត្តិការចុះល្បាតរួមគ្នា រវាងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងខណ្ឌរដ្ឋបាលជលផលក្រចេះ នៅថ្ងៃទី១២កុម្ភៈ២០២៥ ក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងតំបន់ត្បូងខ្លា និងតំបន់ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង នៅចំណុចគោលអាពុត ស្ថិតក្នុងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
មន្ត្រីរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងតំបន់ត្បូងខ្លា និងតំបន់ព្រំប្រទល់ក្រចេះ-ស្ទឹងត្រែង នាពេលនោះ ក៏មានការចូលរួមយ៉ាងសកម្មពីឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្ដិ៍ត្បូងខ្លា-ប៉ុស្តិ៍កោះជ្រឹម និងសហគមន៍នេសាទអូរច្រឡង់ ផងដែរ។
មន្ត្រីដដែលបានឱ្យដឹងទៀតថា នៅក្នុងការចុះល្បាតរួមគ្នា រវាងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងក្រចេះ លើដងទន្លេមេគង្គនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ និងបានដកហូតវត្ថុតាងបទល្មើស រួមមាន៖ ទូកស្មាច់ ០១គ្រឿង ប្រវែង ៥,៩ម៉ែត្រ ,ម៉ាស៊ីនម៉ាក ហ៊ីណូតា កម្លាំង ២៥សេស ០១គ្រឿង ,ក្បាលឆក់ ០១គ្រឿង ,អាគុយ JP កម្លាំង ៧០អំពែ ០១គ្រឿង ,ថ្នងដងត្រី ០១គ្រឿង ,ខ្សែកាប ០៣ខ្សែ ប្រវែង ១០ម៉ែត្រ ,ខ្សែភ្លើងប្រវែង ១០ម៉ែត្រ ,ធុងប្រោសត្រី ០១គ្រឿង ,ថ្នាំញៀន ០១កញ្ចប់តូច ,ប្រដាប់ជក់គ្រឿងញៀន ០១ឈុត និងទូរស័ព្ទ ០១គ្រឿង ថែមទៀត។
ក្រោយការបង្ក្រាប ជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបាននាំយកមកកាន់ប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សសត្វផ្សោតត្បូងខ្លា ស្ថិតក្នុងស្រុកសៀមបូក និងបានធ្វើការផ្ទេរប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង ជូនកម្លាំងខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីបន្តកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ