ខេត្តសៀមរាប៖ ផ្លូវថ្មីវាងក្រុងសៀមរាប មួយខ្សែទៀត ដែលតភ្ជាប់ពីស្រុកប្រាសាទបាគង ចំណុចផ្លូវក្បែរចូលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ឆ្លងកាត់ប៉ែកខាងត្បូងក្រុងសៀមរាប ប្រវែង ៤៦,៥៧គីឡូម៉ែត ត្រូវបានសិក្សាតម្រាយប្លង់ទីតាំងលម្អិតរួចរាល់ និងឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់។
លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវវាងក្រុងសៀមរាប នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យលើ តម្រាយប្លង់ទីតាំងលម្អិត នៃគម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត (PK0+000 – PK46+570) ចំណុចចាប់ពីភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទ បាគង រហូតដល់ភូមិពួកថ្មី ឃុំពួក ស្រុកពួក នៃខេត្តសៀមរាប ដែលបានសិក្សារួច មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ ៕