ពីធីប្រកាសទទួលស្គាល់ខេត្តប៉ៃលិន ជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)១០០%

0

(ខេត្តប៉ៃលិន)៖ នៅទីធ្លាស្នងការនគរបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥  មានរៀបចំពិធីប្រកាសទទួលស្គាល់ខេត្តប៉ៃលិន ជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)១០០% ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះសង្ឃទាំងពីរគណៈ ,ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត កងកម្លាំងទាំងបីស្ថាប័ន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រធាន-អនុប្រធានអង្គភាពមន្ទីរជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុក ក្រុមកាយរិទ្ធកម្ពុជាខេត្ត យុវជនស.ស.យ.កខេត្ត  លោកគ្រូ-អ្នកគ្រូ មេឃុំ/ចៅសង្កាត់ទាំង៨  និងសិស្សានុសិស្ស សរុបប្រមាណ ១៤៣០នាក់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ នៅទូទាំងខេត្តប៉ៃលិន មានខ្នងផ្ទះសរុប១៨១១៣ខ្នងផ្ទះ ចំនួនភូមិមានបណ្តាញទឹកស្អាតគ្របដណ្តប់មានចំនួន៧៤ភូមិ ស្មើនឹង ៧៩,៥%, ចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៨ ១១៣ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមាន ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនសរុប ១៧ ១៤៤ខ្នងផ្ទះ ស្មើនឹង ៩៥% និងខ្នងផ្ទះប្រើបង្គន់រួមសរុប ៩៦៩ខ្នងផ្ទះ ស្មើនឹង ៥%, ស្ថានភាពក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សរុប ២ក្រុង-ស្រុក ស្មើនឹង ១០០% ឃុំ-សង្កាត់ទាំង០៨ ទទួលបាន ODF ស្មើនឹង ១០០% និងក្នុងចំណោម ៩៣ ភូមិ មានភូមិចំនួន ៦០ ជាភូមិ ODF ស្មើនឹង ៦១% និង ៣៨ភូមិ ជាភូមិ ODF Plus ស្មើនឹង ៣៩%។ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានលើកឡើងអំពីការអភិវឌ្ឍនានាក្នុងខេត្តប៉ៃលិន លើវិស័យអភិវឌ្ឍន៍ជនបទ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម, ការផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព និងអនាម័យ ក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈ ដើម្បីឈានទៅសម្រេចបាន នូវទស្សនវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសរបស់អង្គការភ្លែនអន្ដរជាតិ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការភ្លែនអន្ដរជាតិ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តប៉ៃលិនជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃនេះ។

មានប្រសាសន៍ក្នុងឪកាសនោះដែរឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តប៉ៃលិនសម្រេចបាន នាពេលកន្លងមក លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថា   ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។

សូមជម្រាបជូនផងដែរថា៖  គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៦ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ  តាកែវ ខេត្តស្ទឹងត្រែង កំពង់ធំ និងខេត្តប៉ៃលិន៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន