សៀមរាប ៖ នៅរសៀលថ្ងៃទី០៥និងព្រឹកថ្ងៃទី០៦ខែវិច្ឆកា ឆ្នាំ២០១៤ កន្លងទៅនៅគេហដ្ឋានរបស់លោកវរសេនីយ៍ឯកឆេត ញ៉ា នាយការិយាល័យគ្រប់គ្រងអាវុធជាតិនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងភរិយាលោកស្រីលីម ហ៊ុយងីមព្រមទាំងក្រុមគ្រួសារបានរៀបចំប្រារព្វធ្វើពិធីបុណ្យ កឋិនទាន ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសំរោងស្ថិតនៅក្នុងស្រុកសូទ្រនិគមន៍ខេត្តសៀមរាប ។
ដោយយើងទាំងអស់គ្នាបានដឹងហើយថា បុណ្យកឋិននេះ គឺជាបុណ្យប្រពៃណី មួយដែលបងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់តែងតែប្រារព្វធ្វើឡើងចន្លោះចាប់ពីថ្ងៃ១រោច ខែអស្សុជ រហូតថ្ងៃ១៥កើតខែកត្តឹក ជារៀងរាល់ឆ្នាំ ដែលមានរយៈពេល២៩ថ្ងៃ ។ បុណ្យកឋិនទានក៏ ជាផ្នែកមួយរបស់ចីវរទាន ប៉ុន្តែទាននេះមានលក្ខណៈពិសេសប្លែកពីចីវរទាន ធម្មតា ព្រោះអ្នកធ្វើនិងអ្នកទទួល ត្រូវគោរពឲ្យបានត្រឹមត្រូវតាមលក្ខខ័ណ្ឌមួយចំនួនដែលមានចែងក្នុងព្រះវិន័យ។
ជាក់ស្ដែង សម័យពុទ្ធកាល ពេលដែលព្រះសម្មាសម្ពុទ្ធទើបបានត្រាស់ដឹងថ្មីៗ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃប្រើប្រាស់តែសំពត់បង្សុកូល គឺសំពត់ឥតម្ចាស់ ដែលភិក្ខុរកបានពីព្រៃស្មសាន ឬពីគំនរសំរាម ប៉ុន្តែក្រោយមកទើបទ្រង់អនុញ្ញាតឲ្យភិក្ខុអាចប្រើប្រាស់គហបតី ចីវរ គឺសំពត់មានម្ចាស់ ដែលភិក្ខុបានមកដោយសារគេប្រគេន។ ចាប់ពីពេលនេះហើយ ដែលកឋិនទានចាប់ផ្ដើមមានកំណើតឡើងមកដល់សព្វថ្ងៃនេះផងដែរ ។
នៅក្នុង ពិធីបុណ្យ កឋិនទាន នេះដែរ លោកវរសេនីយ៍ឯកឆេត ញ៉ា នាយការិយាល័យគ្រប់គ្រងអាវុធជាតិនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងភរិយាលោកស្រីលីម ហ៊ុយងីមព្រមទាំងក្រុមគ្រួសារនិងពុទ្ធបរិស័ទទាំងអស់ក៏បានវេរនូវបច្ច័យចំនួន ៥០៤៩ ដុល្លារ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសំរោងស្ថិតនៅក្នុងស្រុកសូទ្រនិគមន៍ខេត្តសៀមរាប ដើម្បីទុកសម្រាប់យកទៅប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗនៅក្នុងវត្តផងដែរ ។
លោក ខេង ខេមរា






































