បទល្មើសនេសាទនៅតំបន់ខាងលិចកោះតាបរ ក្នុងលម្ហបឹងទន្លេសាប កើតឡើងយ៉ាងអាណាធិបតេយ្យ ត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការបង្ក្រាប

0

(ខេត្តកំពង់ធំ)៖ ទោះបីកងកម្លាំងចម្រុះ រួមសហការជាមួយស្ថាប័នជំនាញមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីចូលរួមទប់ស្កាត់ និងបង្ក្រាប យ៉ាងសកម្មនិងមមាញឹកយ៉ាងណាក្តី តែក្រុមប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នៅតែលបលួចធ្វើសកម្មភាពដោយគ្មានការកោតក្រែងឡើយ ។ ជាក់ស្ដែងនៅក្នុងលម្ហរបឹងទន្លេសាប តំបន់ខាងលិចកោះតាបរ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានក្រុមជនល្មើសលបលួចដាក់របាំងសាច់អួនពន្លិចទឹក នៅពេលយប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចកុំឲ្យមើលឃើញ ។ ហើយនៅក្នុងតំបន់នេះ របាំងសាច់អួនខុសច្បាប់ក្នុងមួយរបាំងមានប្រវែងចាប់ពី ៣០០ម៉ែត្រទៅ៥០០ ម៉ែត្រ ។

ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាឲ្យកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង មេបញ្ជាការកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចបង្ក្រាបបទល្មើសនេសាទ សហការជាមួយកងកម្លាំងចម្រុះ ដើម្បីចេញធ្វើសកម្មភាពបង្ក្រាបនិងបំផ្លាញឧបករណ៍បទល្មើសនេសាទខុសច្បាប់នេះ ឱ្យអស់មិនឱ្យមានការកើតឡើងជាថ្មីទៀត បានឡើយ។

លោកវរសេនីយ៍ទោ សេង សំអុល បានរាយការណ៍បញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កងកម្លាំងអន្តរាគមន៍ បានសហការជាមួយកម្លាំងចម្រុះ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ធ្វើសកម្មភាពបង្ក្រាប និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់បានចំនួន៦ របាំង ដែលមានប្រវែងជិត២,០០០ម៉ែត្រ។ បំផ្លាញឡុកសាច់អួនចំនួន ១៣ឡុក លបលូសាច់អួនចំនួន ៨ មាត់ និងបង្គោលរបាំងសាច់អួន ដែលបានដាក់ពន្លិចទឹកចំនួនជាង ១,០០០ដើម ព្រមទាំងលែងត្រីស្រស់ចម្រុះចូលក្នុងទន្លេសាបវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានចិន្ត្រៃយ៍ គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ដាច់ខាតតាមបទបញ្ជារបស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាល និងពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ៕វេហាស៍