សៀមរាប: ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” និងជាការគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ។ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច ចំនួន៨០នាក់ (ក្នុងនោះនៅមណ្ឌលសុខភាព មោង ស្រុកស្រីស្នំ ចំនួន ៥០នាក់ និងមណ្ឌលសុខភាព ស្រីស្នំ ស្រុកស្រីស្នំ ចំនួន៣០នាក់)។
លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ដែលមានខ្លឹមសារអំពាវនាវ ៦ចំណុច ចំពោះបង-ប្អូនរួមជាតិ ជាពិសេសបុរស និងស្ត្រីជាមាតាបិតា និងយុវវ័យគ្រប់រូបដូចតទៅ៖
១. យើងត្រូវលើកកម្ពស់ការយល់ដឹងបន្ថែមទៀត៖
– សូមឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលបាន ការពិនិត្យថែទាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺ ធ្វើតេស្តដោយស្ម័គ្រចិត្តរកមេរោគដើម្បីលុបបំបាត់ ការចម្លងមេរោគអេដស៍/ស្វាយពីម្តាយទៅកូន និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលមានគ្រូពេទ្យទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ។
– ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាពដោយយកកូនទៅពិនិត្យផង តាមកាល កំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ ពិនិត្យតាមដានសុខភាពនិងការលូតលាស់ របស់កូន។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីទារកកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
– សូមប្រញាប់យកទារក ឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬ មិនឡើងទម្ងន់ ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ និងទទួលការពិនិត្យ និងព្យាបាលនៅ មន្ទីរពេទ្យ។
– សូមយុវជន-យុវតី និងស្ត្រីក្នុងវ័យបន្តពូជ ទៅពិគ្រោះយោបល់ ទទួលការណែនាំ ការពិនិត្យ ឬ –ព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិកដែលមានគ្រូពេទ្យជំនាញត្រឹមត្រូវ។ សូម ចូលរួមក្នុងការទប់ស្កាត់ និងលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេពី ឪពុកម្តាយទៅកូន និងចូលរួមក្នុងការទប់ស្កាត់ជំងឺមហារីកមាត់ស្បូន ដោយនាំកុមារីអាយុ៩ឆ្នាំទៅ ទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា។
២. សូមនាយកគ្រឹះស្ថានឯកជនដែលផ្តល់សេវាសុខាភិបាល ដូចជាបន្ទប់ថែទាំ មន្ទីរសម្រាកព្យាបាល មន្ទីរសម្ភព មន្ទីរពហុព្យាបាល ឱសថស្ថានឯកជន ត្រូវចូលរួមសហការជាមួយក្រសួងសុខាភិបាល ឬអង្គភាពពាក់ព័ន្ធក្នុងការគាំទ្រ ផ្តល់បច្ចេកទេស ផ្តល់សេវាប្រកបដោយគុណភាពជូនស្ត្រី មាតា ទារក និងកុមារ ក្នុងភាពជាដៃគូ និងក្នុងស្មារតីទទួលខុសត្រូវ ដើម្បីភាពរីកចម្រើននៃវិស័យសុខាភិបាល នៅកម្ពុជា។ ភាពជាដៃគូពហុភាគីពាក់ព័ន្ធមានសារៈសំខាន់ក្នុងការផ្តល់លទ្ធផលបន្ថែមទៀត។ ៣. សូមអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ ស្ត្រី មានផ្ទៃពោះ ស្ត្រីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ត្រូវជួយជំរុញស្ត្រីឱ្យមកទទួលសេវាបន្តតាមការ ណាត់ជួបរបស់ឆ្មប ឬគ្រូពេទ្យ និងសូមជួយតាមរកស្ត្រីដែលអាក់ខានមិនបានមកទទួលសេវា ឬ បោះបង់សេវា ឱ្យមកទទួលសេវា និងថ្នាំព្យាបាលតាមការកំណត់។ ក្នុងន័យនេះ ត្រូវចូលរួមគាំទ្រ ការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤. សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប អ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ត្រូវមានភារកិច្ចអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងសម្រេចតាមគោលដៅកំណត់។ អ្នកផ្តល់សេវាថែទាំសុខភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ការយល់ដឹងជាសាធារណៈ ការផ្តល់សេវាការថែទាំសុខភាពប្រកបដោយគុណភាព និងការផ្សព្វផ្សាយដល់អ្នកដែលត្រូវការជំនួយ។
៥. សូមមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រី បុគ្គលិកសុខាភិបាល ក្នុងការជួយអប់រំផ្សព្វផ្សាយសារអប់រំសុខភាព និងជួយតាមដានជំរុញ បញ្ជូន ស្ត្រី ឬយុវតីឱ្យមកទទួលសេវានៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬតាមការ ណាត់ជួបកុំបីខាន។
៦. សូមស្ថាប័នជាតិ អន្តរជាតិ អង្គការជាដៃគូពាក់ព័ន្ធទាំងអស់ គាំទ្រដល់ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជន បន្តវិនិយោគទាំងផ្នែកបច្ចេកទេស និងថវិកា លើការងារថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ ដើម្បីសម្រេចបានការគ្របដណ្តប់ការពិនិត្យថែទាំសុខភាពជាសកលនៅកម្ពុជា។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋជាស្ត្រីដែលជាមាតា ទារក និងកុមារ គ្រប់រូប។ លោកជំទាវបន្តថា ក្នុងនាមជាស្ត្រី និងមាតាម្នាក់ ដែលនោះនាងខ្ញុំមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ចំពោះស្មារតីទទួលខុសត្រូវរបស់មាតាគ្រប់រូប ក្នុងការចិញ្ចឹម និងថែទាំកូនតាំងពី ទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះ បង្ហាញឱ្យឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតាផងដែរ ចំពោះបុត្រធីតាគ្រប់រូប។ ដូចយើងបានដឹងហើយថា បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាពរបស់មាតា និងទារកបានថយចុះក៏ដោយ ប៉ុន្តែសុខ ភាពមាតា ទារក និងកុមារនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យមាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ ទាំងអស់នេះអ្នកម្តាយគ្រប់រូបត្រូវស្វែងរកការផ្តល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបម្រើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើងដូចជា ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ការបំបៅដោះកូន ការតាមដានភាពលូតលាស់ នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗមា្នក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្សែងពោះធំ១ សម្ភារទារក១កញ្ចប់ (ខោអាវទារក ១កំប្លេរ ស្រោមដៃស្រោមជើង ១គូ) សាប៊ូក្រអូប២ដុំ ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស អំបិល១គីឡូក្រាម អង្ករ៣០គីឡូ និងថវិកា ៥ម៉ឺនរៀល៕