បន្ទាយមានជ័យ៖រថយន្តធុនធំចំនួន៤៩គ្រឿង និងអ្នកបើកចរចំនួន៤៩នាក់ ត្រូវឃាត់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមដងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបុរីនាថ្ងៃទី ៣មីនា ឆ្នាំ២០២៥ ជាលទ្ធផលអវិជ្ជមាន។ ការឃាតត្រួតពិនិត្យនេះអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងផែនការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តិការត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលយើង បានឃាត់រថយន្តធុនធំចំនួន៤៩គ្រឿង និងអ្នកបើកចរចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម ជាលទ្ធផលបានបង្ហាញអវិជ្ជមាន គ្មានសារធាតុញៀន។
ទន្ទឹមគ្នានោះដែរលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បានថ្លែងថា គោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ នៅពេលនេះគឺនគរបាលយើងធ្វើឡើងដើម្បី ធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយចំពោះអត្រាគ្រោះថ្នាក់ និងជាការ បង្ការ ទប់ស្កាត់ លើអ្នកបើកបរក្រោមឥទ្ធិពលសារធាតុញៀន សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅកម្រិតទាបបំផុតតាមដែលអាចធ្វើបាន។
យ៉ាងណាម៉ិញលោកឧត្តមសេនីត្រីង៉ាន់ ចិន្តា ស្នងការរងទទួលផែនចរាចរណ៌ផ្លូវកោគ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តលើដងផ្លូវត្រូវចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៌ទាំងអស់គ្នាឲ្យបានត្រឹមត្រូវនិងមិនត្រូវប្រើប្រាស់សាធាតុក្នុងពេលបើកបរនោះទេ៕ដោយ៖ឃិន គន្ធា