ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងភូមិហុងស៊ុយ និងប្រកាសបិទផ្សាយជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំបន្ទាយមាសខាងកើត និងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស

0

ខេត្តកំពត: នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងភូមិហុងស៊ុយ ឃុំបន្ទាយមាសខាងលិច និងប្រកាសបិទផ្សាយជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យដីធ្លី ដែលបានចុះបញ្ជីមានលក្ខណ:ជាប្រព័ន្ធ ក្នុងភូមិត្រពាំងពោន ភូមិក្រសាំងលើ ភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ភូមិទួលក្រសាំងនិងភូមិម៉ឹនដាំ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។

ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកិច្ចចង្អុលបង្ហាញ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីក្រសួងដែនដី អាជ្ញាធរខេត្តកំពត ក្រោមកិច្ចសហការជាមួយមន្ទីរជំនាញ អាជ្ញាធរក្រុង-ស្រុកទាំង៩ក្នុងខេត្ត ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តឱ្យបានអស់ក្នុងឆ្នាំ២០២៥នេះ។ ការពន្លឿនចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនេះគឺផ្នែកទៅលើបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលដែលបានគិតគូរយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ពលរដ្ឋ។

ថ្លែងក្នុងពិធីចែកបណ្ណកម្មសិទ្ធិជូនដល់ពលរដ្ឋក្នុងភូមិហុងស៊ុយនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា គោលនយោបាយលើវិស័យដីធ្លីគឺជាកិច្ចចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់អាណត្តិថ្មីគឺសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសម្តេចនៅតែមានកិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់មកគណៈកម្មការសូរិយោដីខេត្ត គណៈកម្មការដីរដ្ឋ មន្ទីរជំនាញ ដើម្បីធ្វើយ៉ាងណាពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋអោយបានលឿន ឆាប់រហ័ស ដើម្បីយកទៅប្រើប្រាស់ទៅតាមតម្រូវការ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងដំណាក់នេះ លោកនឹងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពតឱ្យបានគ្រប់ នៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីឱ្យស្របទៅតាមបទបញ្ជាយ៉ាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែគិតគូរជានិច្ចពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

បើយោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងដែរថា សម្រាប់ការចែកបណ្ណជូនពលរដ្ឋនាពេលនេះ មានចំនួន១ភូមិ ដែលមានក្បាលដីសរុបចំនួន ១,៨២១ក្បាលដី ស្មើនឹង ៥៧០គ្រួសារ។ដោយឡែក ការប្រកាសបិទផ្សាយជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ៨,៩៨២ក្បាលដី ស្មើនឹង ២,៩០៩គ្រួសារ៕ សេង ណារិទ្ធ