កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីសុំឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន លេខាធិការដ្ឋាន គ.វ.អ បញ្ចូលសាលាបឋមសិក្សាទាំង៤១០សាលា ចូលជាសាលាគោលដៅ គ.វ.អ សំដៅចូលរួម ពង្រឹង និងលើកកម្ពស់គុណភាពអប់រំ ដែលជាវិស័យគន្លឹះ និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សង្គមជាតិ នាពេលបច្ចុប្បន្ន និងពេលអនាគត។ ការស្នេីសុំបែបនេះក្នុងកិច្ចប្រជុំស្តីពីការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តកំពង់ចាម និងខេត្តព្រៃវែង ដែលបានធ្វេីឡេីងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្តពិតជាមានមោទនភាពខ្ពស់ដោយ លេខាធិការដ្ឋានដែលបានជ្រើសរើស និងចាត់បញ្ចូល សាលាទាំង ១៤ ក្នុងខេត្តកំពង់ចាម ជាសាលារៀនគោលដៅសម្រាប់អនុវត្ត វិធានការគន្លឹះ គ.វ.អ ព្រមទាំងបានសំដែងនូវការគាំទ្រចំពោះ គំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តនិរន្តរភាពក្នុងកំណែទម្រង់លើវិស័យអប់រំនេះ ។
ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការពង្រឹងគុណភាពអប់រំ ក៏តម្រូវឱ្យយើងត្រូវពិនិត្យមើលការផ្តល់សេវា អប់រំ ជាកញ្ចប់តាំងពីកម្រិតកុមារតូចដល់មធ្យមសិក្សា ដោយគុណភាពអប់រំផ្អែកលើកត្តាចូលរួម ចំនួន៥ រួមមាន៖ កត្តាទី១-នាយកសាលា, កត្តាទី២-គ្រូបង្រៀន, កត្តាទី៣-សិស្សានុសិស្ស, កត្តាទី៤- ការគាំទ្រពីគ្រួសារ និងកត្តាទី៥-ការគាំទ្រពីក្រសួង និងភាគីពាកព័ន្ធផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានថ្លែងថា វិធានការគន្លឹះ គ.វ.អ. ដែលកំពុងអនុវត្តនៅតាមសាលាគោលដៅទូទាំងប្រទេសនាពេលនេះមានចំនួនសរុប ១៦១សាលា ដែលផ្តោតលើការពង្រឹងចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថរបស់សិស្ស ជាពិសេសការបង្កើនម៉ោងសិក្សាចំនួន ២ម៉ោងក្នុង១ថ្ងៃ ដោយមិនយកប្រាក់ពីឪពុកម្តាយសិស្សនោះទេ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃបំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកអន្តរាគមន៍ចំពោះពង្រឹងគុណភាពការអប់រំកម្រិតបឋមសិក្សា ជាគន្លឹះដ៏សំខាន់បំផុតក្នុងការកសាងមូលដ្ឋានគ្រឹះនៃមូលធនមនុស្ស សម្រាប់ផ្សារភ្ជាប់ទៅគោលដៅសិក្សានៅថ្នាក់ខ្ពស់ និងការចូលទីផ្សារការងារប្រកបដោយចំណេះដឹងនិងជំនាញសមស្រប ៕