ប្រមុខការពារជាតិកម្ពុជា ចុះសួរសុខទុក្ខកងទ័ពជួរមុខក្នុងភូមិសាស្ត្រប្រាសាទតាមាន់ ជិតព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ នៅប្រាសាទតាមាន់ធំជិតព្រំដែនកម្ពុជា-ថៃ ព្រមទាំងបាននាំយកអំណោយចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការវរសេនាតូចលេខ៤២២ ចំណុះកងពលតូចថ្មើជើងលេខ៤២ នៅទិសយោធភូមិភាគទី៤»​ និងយោធភូមិភាគទី៥ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

រដ្ឋមន្ត្រីការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសម្តេចតេជោ សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ជាប្រចាំ និងគ្រប់កាលៈទេសៈពីសុខទុក្ខ និងជីវភាពរបស់កងទ័ព និងក្រុមគ្រួសារកងទ័ព ទាំងនៅជួរមុខ និងនៅជួរក្រោយ។

រដ្ឋមន្ត្រីការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី ការពារសុខសន្តិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ។

ស្របពេលជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា «ក៏បានឆ្លៀតឱកាសចូលអុជធូប តាមទំនៀមទម្លាប់ខ្មែរពីបុរាណនៅទីសក្ការៈដ៏ស័ក្ដិសិទ្ធិ នៅលើប្រាសាទតាមាន់ធំ  និងបានបួងសួងសុំសេចក្តីសុខចម្រើន ជួយបីបាច់ថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមសន្តិភាពបន្តមានជានិច្ចនិរន្ត៍នៅកម្ពុជា»៕ដោយ៖ឡុង សំបូរ