លោកជំទាវហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ពជាង ២ពាន់នាក់ នៅខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ២ពាន់ ៤៧នាក់ នៅក្នុងបេសកកម្មលើកទី៤៩ នាថ្ងៃទី៩មីនា២០២៥ នៅទីបញ្ជាការវរៈសេនាតូចលេខ៣៨១ ស្ថិតនៅក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ពិធីនោះ ក៏មានការចូលរួមពីលោកជំទាវ ទាង អេង ភរិយា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ទៀ សីហា,លោកជំទាវ សុខា គង ពិសី ភរិយា លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមទាំងអាជ្ញាធរស្រុកជាក្សាន្ត និងមន្ត្រីក្នុងមូលដ្ឋានជាច្រើនទៀត ផងដែរ ។

ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ លោកជំទាវ ហ៊ុន ម៉ាណា បានថ្លែង ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ និងព្យាបាលជំងឺនាពេលនេះ។

លោកជំទាវ ហ៊ុន ម៉ាណា បានបន្តថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រះវិហារ ជាពិសេសអាជ្ញាធរស្រុកជាំក្សាន្ត ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាពេលនេះ។

លោកជំទាវ ហ៊ុន ម៉ាណា បានថ្លែង បង្ហាញពីលទ្ធផល នៃការចូលរួមពិនិត្យ និងព្យាបាលជំងឺមានចំនួន ២០៤៧នាក់ ក្នុងនោះ ការវះកាត់តូច ៧២នាក់ , ពិនិត្យព្យាបាលរោគស្ត្រី ១២៥នាក់, ពិនិត្យជំងឺទូទៅ ១២៩០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រ ១៨០នាក់ និងពិនិត្យ ព្យាបាលមាត់ធ្មេញ ២៣០នាក់, លាបផ្លរ៉ាការពារធ្មេញ ១៥០នាក់ ចែកវ៉ែនតា ៦៥០នាក់។

ស្របពេលជាមួយគ្នានោះ លោកជំទាវ ក៏មានការចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្ស ៦០០នាក់, ចែករទេះរុញជនពិការ ២០គ្រឿង និងចែកកញ្ចប់អំណោយសម្ដេចតេជោ ជូនប្រជាពលរដ្ឋ ៥០០បញ្ចប់ បន្ថែមទៀត ផងដែរ។

គួរបញ្ជាក់ថា នៅមុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ជូនប្រជាពលរដ្ឋទទួលទាន ថែមទៀតផង៕ ដោយ៖ឡុង សំបូរ