ខេត្តព្រះវិហារ៖ ការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានឡើងក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
សិក្ខាសាលានោះ ក៏មានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ គ្រប់បណ្តាការិយាល័យ ផ្នែកសឹករងក្រុង-ស្រុកទាំង៨ និងអង្គភាពវរសេនាតូចទាំង២ ចំណុះតំបន់សឹករងព្រះវិហារ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ផងដែរ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានលើកឡើង ជុំវិញសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់បណ្តាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទាំងអស់ ជាពិសេសកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ឱ្យបន្តពង្រឹងស្មារតី វិន័យកងកម្លាំង និងការប្រមូលផ្តុំកម្លាំង ក្តាប់ឱ្យជាប់គ្រប់សភាពការណ៍ដែលកើតមានឡើង ហើយរង់ចាំស្តាប់បទបញ្ជាថ្នាក់លើ ដែលដាក់ចេញសម្រាប់អនុវត្តឱ្យបានគ្រប់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ដាស់ស្មារតីកងទ័ពទាំងអស់ ឱ្យបន្តខិតខំបំពេញភារកិច្ចការពារជាតិឱ្យបានល្អ ដែលជាគុណតម្លៃ និងគុណប្រយោជន៍រួមមួយ សម្រាប់ប្រទេសជាតិ និងប្រជាជន ,ត្រូវពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ បទល្មើសដីធ្លី ការកាប់រុករានទន្ទ្រានព្រៃវាទយកដីជាកម្មសិទ្ធិជាដើម។ល។
លោកឧត្តមសេនីយ៍ មេបញ្ជាការបានបន្តថា ពេលទទួលបានភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យ មិនត្រូវគ្រាន់តែស្តាប់ លឺ និងឃើញប៉ុណ្ណោះទេ កត្តាសំខាន់ត្រូវតែទទួលយកទៅអនុវត្តឱ្យបានល្អ ទៅតាមផែនការដែលមានស្រាប់ ត្រូវចល័តធ្វើសកម្មភាព មិនត្រូវមានការថ្លោះធ្លោយនោះទេ ត្រូវពង្រឹងការយាមល្បាត នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹក និងលើកទឹកចិត្តដល់យោធិនទាំងអស់ ឱ្យខិតខំបន្តយកចិត្តទុកដាក់ក្នុងបំពេញតួនាទី ភារកិច្ចឱ្យបានម៉ឹងម៉ាត់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពង្រឹងការទំនាក់ទំនង រវាងកងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការពង្រឹងទំនាក់ទំនងជាមួយកងកម្លាំងព្រំដែន នៃប្រទេសជិតខាង ឱ្យបានកាន់តែជិតស្និទ និងល្អប្រសើរថែមទៀត។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រ្តា ក៏បានឧបត្ថម្ភបន្ថែម សម្រាប់អង្គភាពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ដោយអង្គភាពនីមួយៗ ទទួលបាននូវថវិកា ៣០ម៉ឺនរៀល អង្ករ ត្រីខកំប៉ុង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត សម្រាប់ដោះស្រាយនៅក្នុងអង្គភាពជួរមុខ ក្នុងគ្រាបច្ចុប្បន្ននេះ ថែមទៀតផង៕ ដោយ៖ឡុង សំបូរ