ខេត្តព្រះវិហារ៖ យោធិន នៃកងរាជអាវុធហត្ថជាង ៨០នាក់ នៅក្នុងខេត្តពីរ គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ទទួលបានការហ្វឹកហ្វឺន បណ្តុះបណ្តាលលើជំនាញឯកទេសនានា ដើម្បីពង្រឹងសមត្ថភាពក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ទម្រង់នៅក្នុងសាស្ត្រខេត្តទាំងពីរ ដែលជាខេត្តជាប់ព្រំដែនថៃ និងឡាវ។
វគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរកងទ័ព ឆមាសទី១ ឆ្នាំ២០២៥ ដល់យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងនោះ បានធ្វើឡើងក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សិក្ខាកាម ៨១នាក់ គ្រូ និងអនុគណៈកម្មការដឹកនាំវគ្គហ្វឹកហ្វឺន ១១នាក់ មន្ទីរ អង្គភាព និងអាជ្ញាធរក្រុងព្រះវិហារ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា ការបើកវគ្គហ្វឹកហ្វឺននៅពេលនេះ គឺដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព គុណភាព ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្នុងការអនុវត្តភារកិច្ចជំនាញ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ផ្តល់ចំណេះធ្វើ ឯកទេស សណ្តាប់ធ្នាប់ជួរទ័ព ផែនឈរ ផែនដើរ ព្យុះហយាត្រា ឱ្យមានការឯកភាពគ្នា សម្រាប់ចូលរួមអបអរសាទរពិធីប្រារព្ធខួបលើទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ធ្វើឱ្យនាយទាហាន នាយទាហានរង មានស្មារតីទទួលខុសត្រូវ មានវិន័យ សីលធម៌ និងគុណធម៌ មានមនសិកាការងារ និងអត្តចរិតស្លូតត្រង់។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបន្តថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល ៧៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមសរុប ៨១នាក់ ក្នុងនោះកងរាជអាវុធហត្ថខេត្តព្រះវិហារ ៤១នាក់ និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ៤០នាក់ គ្រូក្នុងអង្គភាព ០២រូប និងអនុគណៈកម្មការដឹកនាំវគ្គហ្វឹកហ្វឺន មានចំនួន០៩រូប ផងដែរ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមលក្ខណៈគ្រប់កាលៈទេសៈ ដើម្បីបំពេញរាល់ប្រតិបត្តិការ ជាពិសេសការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធភាព ដូចជាបទល្មើសធនធានធម្មជាតិ បទល្មើសនេសាទ បទល្មើសព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិខុសច្បាប់ គ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប។ល។
លោកអភិបាលខេត្តព្រះវិហារ បានក្រើនរំលឹកដល់កងកម្លាំងអស់ ជាពិសេសយោធិនដែលជាសិក្ខាកាមមកពីខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលចូលរួមវគ្គហ្វឹកហ្វឺននេះ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ទាំងការស្នាក់នៅ ការហូបចុក និងបន្តខិតខំប្រឹងប្រែងរៀនសូត្រ នូវមុខវិជ្ជាបន្ថែមទៀត បន្តរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋស្រឡាញ់រាប់អាន ទុកចិត្ត និងគោរព ចាត់ទុកកងកម្លាំងជាកូន ជាចៅ ជាអ្នកបម្រើឪពុកម្តាយ ត្រូវការពារប្រទេស ការពារច្បាប់ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ត្រូវលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ត្រូវបន្តពង្រឹងសមត្ថភាព ដើម្បីធានាថា កងកម្លាំងប្រដាប់អាវុធមានសមត្ថភាពពេញលេញ មានឆន្ទៈមោះមុត មានមនសិការ និងមានវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅគ្រប់កាលៈទេសៈ៕ ដោយ៖ឡុង សំបូរ