សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឧបត្ថម្ភសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

0

ខេត្តព្រះវិហារ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភសម្ភារប្រើប្រាស់ រួមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនទីបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ តាមរយៈនាយ​ឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បានជួបសំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តការសឹករងព្រះវិហារ ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត តាមរយៈរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ត្រូវបានប្រគល់ជូន លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ សម្រាប់ប្រើប្រាស់​តាមតម្រូវការចាំបាច់ជាក់ស្ដែង ជាពិសេសចុះចែកជូនដល់​គ្រួសារយោធិន​ អតីតយុទ្ធជន​ និងប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាក​លើជីវភាពប្រចាំថ្ងៃ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ​ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ​ សុភ័ក្រ្តា​  ជួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​ នាយទាហាន​ នាយទាហានរង​ និងពលទាហានទាំងអស់​ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ​ និងផ្តល់ជាសម្ភាររៈ និងគ្រឿងឧបភោគបរិភោគ ជូនដល់​នាយទាហាន​ នាយទាហានរង​ និងពលទាហានទាំងអស់​ ទូទាំងកងយោធពលខេមរភូមិន្ទ​ មិនថាចំពោះ អង្គភាព​តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ​ ប៉ុណ្ណោះទេ។

លោកឧត្ដមសេនីយ៍ទោ មេបញ្ជាការ ក៏ដូចនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមប្រសិទ្ធិពរជ័យជូន សម្តេច​មហាបវរធិបតី​ និងលោកជំទាវបណ្ឌិត​ ព្រមទាំងក្រុមគ្រួសារ​ ជួបតែពុទ្ធពរទាំង ៤ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ឡុង សំបូរ