សៀមរាប៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និង លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្មន្តទី៧ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកជំទាវ ខេង រ៉ាស៊ី សមាជិកាក្រុប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីបុគ្គលិកពេទ្យ មន្ទីរពេទ្យ មណ្ឌលសុខភាពស្រុកប្រតិបត្តិ តំណាងអង្គការដៃគូរ ប្រមាណ៣៦០នាក់ចូលរួម នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
បន្ទាប់ពីលោកវេជ្ជបណ្ឌិត ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍ពី សមទ្ធិផល ដែលមន្ទីរសុខាភិបាលអនុវត្តបានក្នុងឆ្នាំ២០២៤ ព្រមទាំងលើកទិសដៅអនុវត្តឆ្នាំ២០២៥រួចមក លោកនាក់ ណេរ៉ុន ក៏បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍នេះ ការជួបជុំគ្នានេះ គឺជាឱកាស ដ៏មានតម្លៃសម្រាប់ការពិភាក្សា ដែលនឹងផ្តល់អត្ថប្រយោជន៍ជាសារវន្ត ដល់ការបន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ក្នុងចក្ខុវិស័យរួម ស្របតាមទស្សនទានមួយចំនួន ។ សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ បង្ហាញពីទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃកិច្ចការជាច្រើនក្នុងវិស័យសុខាភិបាល ដែលមន្ទីរសុខាភិបាល រដ្ឋបាលក្រុង ស្រុក អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងតួអង្គពាក់ព័ន្ធទាំងឡាយបាននិងកំពុងអនុវត្ត និងបន្តអនុវត្ត លើកកម្ពស់សុខុមាលភាព ជាគោលនយោ បាយ អាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ និងសូមឲ្យគ្រប់ស្ថានប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគួរសុខភាព ផ្តល់ការចូលរួមនៅឆ្នាំខាងមុខឲ្យបានបន្តទៀត។
ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគោលដៅអាទិភាពចំនួន៩ចំនុច និងវិធានការចំនួន៣ ដែលជាចក្ខុវិស័យជាអាទិភាពរបស់ក្រសួងសុខាភិបាល ក៏ដូចជាការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងទិសដៅរួមគឺបន្តជម្រុញវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពសកលនៅកម្ពុជាឆ្នាំ២០៣៥ ។ ឯកឧត្តមសាស្ត្រាចារ្យបញ្ជាក់ថា ទី១) ការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខភាពពលរដ្ឋកាន់តែប្រសើរឡើង (ទី២) ការប្រយុទ្ធប្រឆាំងជម្ងឺឆ្លង (ទី៣) ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាព សាធារណៈ (ទី៤) ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជាទឹកនោមផ្អែម មហារីក ជម្ងឺលើសសម្ពាធឈាម ជម្ងឺបេះដូង សរសៃឈាមជាដើម (ទី៥) ទប់ស្កាត់ និងបង្ការជំងឺដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ (ទី៦) ធ្វើឲ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជម្ងឺ នៅតាមសហគមន៍ (ទី៧) លើកកម្ពស់ការថែទាំសុខភាព លើសេវាសាធារណៈ និងសេវាឯកជន (ទី៨) ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សជាពិសេសជំនាញសុខាភិបាល និង(ទី៩) អភិវឌ្ឍន៍សុខភាពឌីជីថល ដែលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ នេះ។ ចំពោះវិធានការបីជាចម្បងគឺ (ទី១) ពង្រឹងមណ្ឌលសុខភាព ដោយកែលម្អអាគារ បំពាក់សម្ភារៈ ឱសថ ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការបម្រើ ការសេវា ២៤ម៉ោង (ទី២) ពង្រឹងមន្ទីរពេទ្យបង្អែក ស្រុក ខេត្ត ជាតិ ព្រមទាំងនិយ័តកម្មសេវាឯកជនឲ្យបានប្រសើរឡើង និង(ទី៣)ពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់គ្រប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ ដើម្បីចូលរួមចំណែកសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល និងធ្វើឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ សប្បូរសប្បាយតទៅអនាគត៕