គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ពង្រឹងភារកិច្ចក្នុងទប់ស្កាត់ នឹងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យសភាពការណ៍ វាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍មួយចំនួនរបស់ទីបញ្ជាការស្រាលទាំង ៧ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងរយៈពេលកន្លងទៅ និងពង្រឹងវិធានការមួយចំនួនក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងជាថ្ងៃឱកាសល្អរបស់ក្រុមជនខិលខូចក្នុងការលបលួចបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន  ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក សោម សុភាវុធ  មេបញ្ជាការរង នាយសេនាធិការ និងជាអនុប្រធានក្រុមលេខាធិការដ្ឋាននៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍អំពីលទ្ធផលសំខាន់ៗ និងចំណុចខ្លាំង ចំណុចខ្វះខាតមួយចំនួន របស់ទីបញ្ជាការស្រាលទាំង៧ ដែលមានភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ស្រុកសន្ទុក និងស្រុកប្រាសាទបល្ល័ង្គ នាពេលកន្លងទៅ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃង នូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងចម្រុះ របស់ទីបញ្ជាការស្រាលទាំង៧ ដែលបានសហការគ្នាល្អក្នុងការបំពេញភារកិច្ច ទទួលបានជោគជ័យ គួរជាទីមោទនៈ  ក្រោមការដឹកនាំបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ    និង​បានត្រួតពិនិត្យវាយតម្លៃអំពីចំណុចខ្លាំង ដែលយើងធ្វើបានក្រោមការដឹកនាំបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានបង្ករលក្ខណៈងាយស្រួលក្នុងការបំពេញភារកិច្ច ទើបយើងទទួលបានជោគជ័យ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច និងបានបែងចែកកងកម្លាំងចម្រុះ ដើម្បីទទួលខុសត្រូវប្រចាំការ នឹងធ្វើសកម្មភាព បង្ក្រាបបទល្មើសព្រៃឈើ នៅតាមគោលដៅ ក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ឱ្យបានដាច់ខាត មិនទុកឱកាសឲ្យជនខិលខូចលបលួចធ្វើសកម្មភាពបំភ្លេចបំផ្លាញធនធានធម្មជាតិបានជាដាច់ខាត។  ជាមួយនឹងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា កងកម្លាំងចម្រុះទាំងអស់ ត្រូវចាត់តាំងកម្លាំងល្បាត ដើម្បីសហការចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង រួមជាមួយវត្ថុតាង ដើម្បីប្រគល់ជូនស្ថាប័នជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ កន្លែងណាដែលមានការធ្វេសប្រហែសធ្វើឲ្យជនល្មើសលបលួចធ្វើសកម្មភាពបាននៅក្នុងឱកាសចូលឆ្នាំថ្មីនេះ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ប្រគល់​គុយទាវ​កញ្ចប់​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ ត្រីខ​កំប៉ុង​ និង​ទឹក​ក្រូច​កំប៉ុង​ ដែល​ជា​អំណោយ​របស់​សម្តេច​មហា​បវរធិប​តី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ តាម​រយៈ​ឯកឧត្តម​នាយ​ឧឧត្ដមសេនីយ៍ ម៉ៅ​ សុផាន់​ ជូន​ទីបញ្ជាការ​ស្រាល​ទាំង​ ៧​ សម្រាប់​ហូប​ចុក​បន្ថែម​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ផផងដែរ។