រយ:ពេល៣ថ្ងៃនៃឱកាសចូលឆ្នាំថ្មី ខេត្តកែបស្វាគមន៍អ្នកទេសចរជាង១៦ម៉ឺននាក់

0

ខេត្តកែប: ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយ:ពេល៣ថ្ងៃមានភ្ញៀវទេសចរជាង១៦ម៉ឺននាក់ បានចូលមកលេងកម្សាន្តនៅខេត្តកែប។ នេះបើយោងតាមរបាយការណ៍របស់លោក ប៉ុក ទាំង ប្រធានស្តីទី នៃមន្ទីរទេសចរណ៍ខេត្តកែប ផ្តល់ជូននាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។

យោងរបាយការណ៍ដដែលបានបញ្ជាក់ថា គិតពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាង១៦ម៉ឺននាក់ (១៦១,១៦៨ នាក់) បានអញ្ចេីញមកលេងកម្សាន្តនៅខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួននេះ កើនឡើង០,៨៦% បើធៀបកាលពីឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន៧៦៣នាក់ ថយចុះចំនួន១៤.៤៦% បេីធៀបនឹងឆ្នាំ២០២៤កន្លងទៅនេះ។

ដោយឡែកសភាពការណ៍ពាក់ព័ន្ធទេសចរណ៍ មិនមានបាតុភាពណាមួយកើតឡើងបង្កអោយប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ។

បន្ថែមពីនោះយោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកែប រយ:ពេលចូលឆ្នាំនេះ ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅខេត្តកែប សភាពការណ៍ទូទៅ មានលក្ខណៈល្អប្រសើរ។ ទោះមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលមកលេងកម្សាន្តច្រើន តែយើងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ដោយរលូន៕ សេង ណារិទ្ធ