កំពង់ចាម: ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលមា នរយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម អមដោយពិ ធីសាសនា ប្រពៃណីនានា ជាពិសេសការដាក់បង្ហាញលៀសហាល ៣តោន ប្រវែង ១.០០០ម៉ែត្រ បរិភោគដោយសេរី ទទួលបានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ប្រមាណជា ២,៧៤៨,២២៨នាក់ (ទូរលេខបឋម) ។
លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីបង្កភាព សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យមន្ទីរពាក់ព័ន្ធ សហការរៀបចំ «សង្ក្រាន្តកំពង់ចាម» នៅវាលស្មៅមុខសាលាខេត្ត ដោយមានភ្ញៀវមកលេងកំសាន្ត យ៉ាងច្រើនកុះករ ។ ជាក់ស្តែងនៅថ្ងៃ ទី១៤ មានប្រជាពលរដ្ឋ ចំនួន ៩៣១,៣១៧នាក់ និងភ្ញៀវបរទេស ចំនួន ១២៦នាក់ សរុប ៩៣១,៤៤៣នាក់ ។ ថ្ងៃទី១៥ មានប្រជាពលរដ្ឋ ចំនួន ១,១១០,៨២៧នាក់ និងភ្ញៀវបរទេសចំនួន ១៤១នាក់ សរុប ១,១១០,៩៦៨នាក់ ។ ថ្ងៃទី១៦ មានប្រជាពលរដ្ឋ ចំនួន ៧៥០,៨៧២នាក់ និងភ្ញៀវ បរទេស ចំនួន ៨៦នាក់ សរុប ៧០៥,៩៥៨នាក់ ។
ជាមួយគ្នានោះ លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរ ក៏បានឱ្យដឹងដែរថា ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទាំង៣ថ្ងៃ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់នោះឡើយ ពោលគឺ អាស្រ័យដោយ ការរៀបចំ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានដាក់កម្លាំង យាមកាម នៅក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋទូទៅ នៅគ្រប់ មជ្ឈដ្ឋាន ៕