ខេត្តកំពត: ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកលេងបុណ្យចូលឆ្នាំនៅខេត្តកំពត ពិសេសនៅថ្ងៃចុងក្រោយនេះ ពួកគេថាប្រជាពលរដ្ឋ និងទេសចរបានមកកាន់តែច្រើន។ បុគ្គលិកបម្រើការងារនៅសណ្ឋាគារ ថាបន្ទប់ស្នាក់កន្លែងគាត់ ពេញអស់ទាំងបីថ្ងៃ ខណៈដែលមន្ត្រីជំនាញថា ថ្ងៃទី៣ អាកាសធាតុល្អ ប្រជាពលរដ្ឋ និងភ្ញៀវបានមកលេងកំពតសង្ក្រាន្តពេញទាំងក្រុងតែម្តង។
ភ្ញៀវទេសចរ និងយុវជនបានលើកឡើងថា អាជ្ញាធរខេត្តឆ្នាំនេះ រៀបចំសង្ក្រាន្តឆ្នាំថ្មីបានល្អ មានកម្មវិធីកម្សាន្តសប្បាយច្រើន ការការពារសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ការតុបតែងលម្អក្រុងមានរបៀបរៀបរយ គួរជាទីចង់មកដើរលេងកម្សាន្ត។ តាមការពិនិត្យឃើញជាក់ស្តែងនៅថ្ងៃទី៣ ភ្ញៀវទេសចរមកលេងកាន់តែច្រើន។
ចំណែកក្រុមភ្ញៀវបរទេសដែលបានរស់នៅខេត្តកំពតជិត១០ឆ្នាំមកហើយនោះ ពួកគាត់បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមលេងកម្សាន្តក្នុងកម្មវិធីកំពតសង្ក្រាន្ត។ ពួកគាត់ថា ជាសំណាងដែលបានមករស់នៅខេត្តកំពត និងបានចូលរួមលេងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយថាកំពតសង្ក្រាន្តពិតជាសប្បាយខ្លាំងណាស់។
បុគ្គលិកបម្រើការងារនៅណ្ឋាគារ សាន់នី បានបញ្ជាក់ថា ភ្ញៀវមកលេងកំពតច្រើន ៣ថ្ងៃនេះ សណ្ឋាគារលោកមានភ្ញៀវមកសម្រាក់ពេញ។ លោកបានថ្ងៃអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតដែលបានរៀបចំសង្ក្រាន្តដ៏អធឹកអធម និងបានភ្ញៀវឲ្យមកលេងកំពតច្រើន។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ថា ក្នុងថ្ងៃទី៣នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ អាកាសធាតុអំណោយផលល្អ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបាននាំមកលេងកំពតសង្ក្រាន្តច្រើន ពេញក្រុងតែម្តង ខណៈដែលការផ្តល់សេវាកម្មផ្សេងៗនៅទូទាំងខេត្តមានភាពល្អប្រសើរ គ្មានអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះឡើយ។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញនៅមិនទាន់អាចបញ្ចេញតួរលេខចំនួនភ្ញៀវទេសចរបាននៅឡើយទេ ដោយរកចាំការបូកសរុបទាំងបីថ្ងៃ នៅតាមគោលដៅទេសចរណ៍ទាក់ទាញ តំបន់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា និងរួមបញ្ចូលទាំងនៅតាមវត្តអារាមនានា ដែលបានរៀបចំសង្ក្រាន្តឆ្នាំថ្មីផងដែរនោះ៕ សេង ណារិទ្ធ