ប៉ៃលិន៖ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន មាន កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៥ ដោយគិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៨ ខែឧសភាឆ្នាំ ២០២៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ប៉ាវ សុខមាន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ។
លោក ប៉ាវ សុខមាន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឲ្យដឹងថា៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយចាប់ផ្ដើមធ្វើនៅសាលាឃុំ សង្កាត់ បន្ទាប់មកចល័តទៅតាមភូមិតាមប្រតិទិនឃុំ សង្កាត់ជាក់ស្ដែង ។ លោកប្រធានលេខាធិការដ្ឋបាន បានបន្តថា៖ លទ្ធផលបណ្ដោះសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៥ គិតចាប់ពីថ្ងៃទី ១ ខែឧសភាដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយយោងចំនួនក្នុងបញ្ជីសរុប នៅក្នុងក្រុងប៉ៃលិន មានចំនួន ២៣៦៦១នាក់ ។ចំណែកអ្នកចុះឈ្មោះថ្មី ១១៩នាក់ ,ផ្ទេរចូលពីក្រៅចំនួន៥៤នាក់ ។ ដោយឡែកក្នុងស្រុកសាលាក្រៅ យោងក្នុងបញ្ជីសរុបចំនួន២៣៤៦៥នាក់ ។ អ្នកចុះឈ្មោះថ្មីចំនួនឆ្នាំ២០២៥ ចំនួន១២៣ នាក់ ,ផ្ទេរចូលពីក្រៅចំនួន ៤៨នាក់ ។ លោកប្រធាន ក៍បានបញ្ជាក់ថា៖ នៅទូទាំងខេត្តប៉ៃលិន យោងចំនួនក្នុងបញ្ជីសរុបចំនួន ៤៧១២៦ នាក់ ,ចំណែកអ្នកចុះឈ្មោះថ្មីចំនួន ២៤២ នាក់ ,អ្នកផ្ទេរចូលពីក្រៅចំនួន ១០២នាក់ សរុបភាគរយ នៃការចុះឈ្មោះ មានចំនួន ២៥.១០%ផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះដែរលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើរអាជ្ញាធរពាក់ព័ន្ធ ទី១៖ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្ទៀងផ្ទាត់ពិនិត្យ ឱ្យបានល្អិតល្អន់ថា បញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រឹមត្រូវច្បាស់លាស់ ហើយ ឬនៅ? ប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយ ត្រូវធ្វើការសហការ និងកែតម្រូវ ឱ្យបានទាន់ពេលវេលា ។ ទី២៖ គ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឱ្យបាន នៅការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ដោយរក្សាឱ្យបាននូវសុខសុវត្ថិភាព។ ទី៣៖ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាចូលរួមផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវធ្វើយ៉ាងណាជំរុញដល់អាជ្ញាធរឃុំ សង្កាត់ ធ្វើការសហការ និងសម្របសម្រួលការងារ ដល់តំណាងគណបក្សនយោបាយ ដើម្បីចៀសវាងមានការរិះគន់ នៅសកម្មភាពអសកម្មមួយចំនួន ដែលកើតឡើងពីមន្ត្រីមូលដ្ឋាន។ទី៤៖អធិការរងក្រុង ស្រុក និងស្នងការរង នៃស្នងការដ្ឋានខេត្ត ត្រូវធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការធ្វើ អ.ខ ជូនប្រជាពលរដ្ឋ ជម្រុញការផ្តល់ជូន អ.ខ ដែលបោះពុម្ពហើយ ឱ្យបានដល់ដៃប្រជាពលរដ្ឋ និងពន្លឿនការបោះពុម្ភ អ.ខ ជូនប្រជាពលរដ្ឋ ដែលទៅធ្វើហើយ តែមិនទាន់បាន។ជាមួយគ្នានេះលោកអភិបាលរងខេត្ត ក៍បានស្នើសុំ ក.ប.ឃ.ស ឃុំស្ទឹងកាច់ បើអាចប្រមូលប្រជាពលរដ្ឋ ដែល រកស៊ីនៅក្នុងទឹកដីថៃ មកទឹកដីខ្មែរក្បែរព្រំដែន ដើម្បីក្រុមចុះឈ្មោះ អាចចុះឈ្មោះជូនពួកគាត់ ព្រោះ យើងមិនអាចចុះឈ្មោះនៅលើទឹកដីថៃបាននេះទេ ។ លោក សោ សុវណ្ណ ក៍បានសំណូមពរ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណា ចូលរួមសហការគ្នា ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណា ឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានផងដែរ៕



អត្ថបទ ភ្នំខៀវ ប៉ៃលិន




































