សៀមរាប៖ គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥នេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានធ្វើការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន ២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤ ក្នុងនោះសម្រាប់ក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន មានចំនួន១៤សង្កាត់ និងស្រុកប្រាសាទបាគង និងស្រុកអង្គរធំ មាន៩ឃុំ ជាមួយនឹងបណ្ដាញចែកចាយប្រវែងជាង ៩០០គីឡូម៉ែត្រ ខណៈក្នុង១ថ្ងៃប្រជាពលរដ្ឋប្រើប្រាស់ទឹកអស់ប្រមាណជាង ៣ម៉ឺនម៉ែត្រគូប។
បើតាម លោក យ៉ៃ មុន្នីរ័ត្ន អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាប បានឲ្យដឹងកាលពីកន្លងទៅថ្មីៗនេះថា ការងារអាទិភាពទី១ របស់រដ្ឋករទឹកស្វយ័តសៀមរាប គឺពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនជាមុនសិន បន្ទាប់មកទើបពង្រីកវិសាលភាពទៅតាមជាយក្រុង។ បច្ចុប្បន្នក្រុមការងារកំពុងតបណ្ដាញមេនាំទឹកស្អាតចេញពីក្រុងសៀមរាប ទៅដល់ឃុំរលួស ស្រុកប្រាសាទបាគង មានប្រវែង២០គីឡូម៉ែត្រ ដែលជាឥណទានពីគម្រោងចាយកា (JICA) ប្រើរយៈពេលអនុវត្តន៍១៦ខែ បញ្ចប់នៅឧសភាឆ្នាំ២០២៦។ លោក យ៉ៃ មុន្នីរ័ត្ន បានឲ្យដឹងទៀតថា ដើម្បីឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឆ្នាំ២០៣០ គឺផ្គត់ផ្គង់ទឹកស្អាតជួនប្រជាពលរដ្ឋឱ្យ១០០% បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប បានទទួលទទួលឥណទានពីរដ្ឋាភិបាលនៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពង្រីងផ្ទៃសេវាប្រវែង៤០០គីឡូម៉ែត្របន្ថែមទៀត និងឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ ទទួលឥណទានពី AFD តាមរយៈឥណទានទាំងនេះ នឹងធ្វើឲ្យខេត្តសៀមរាប មានទឹកស្អាតគ្រប់គ្រាន់តាមយុទ្ធសាស្រ្តដែលបានដាក់ចេញ ។
សូមជម្រាបថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៣ គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិលទី១ យកប្រភពទឹកក្រោមដី មានសមត្ថភាពផលិតទឹកស្អាត ១៥ពាន់ម៣/ថ្ងៃ, រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិលទី២ យកប្រភពទឹកបារាយណ៍ មានសមត្ថភាពផលិតទឹកស្អាត ១៥ពាន់ម៣/ថ្ងៃ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជ្រាវ យកទឹកពីបឹងទន្លេសាប មានសមត្ថភាពផលិតស្អាត ៦០ពាន់ម៣/ថ្ងៃ ដោយគិតក្នុង១ថ្ងៃទាំង៣រោងចក្រអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ៩០ពាន់ម៉ែត្រគូប ៕