កម្លាំងនគរបាលនៅខេត្តកំពតប្តេជ្ញាចិត្តការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនិងបម្រើសេវាជូនពលរដ្ឋឲ្យកាន់តែល្អ

0

ខេត្តកំពត: កម្លាំងនគរបាលនៅខេត្តកំពតបានបញ្ជាក់ថា ក្រោមការណែនាំចង្អុលបង្ហាញ និងលើកទឹកចិត្តពីឯកឧត្តមអភិបាលខេត្ត ឧត្តមសេនីយ៍ទៅស្នងការ និងអភិបាលស្រុក ពួកគាត់បានបំពេញការងារដោយមោទនភាព និងក្តីសប្បាយរីករាយជូនពលរដ្ឋ។ ហើយនៅថ្ងៃខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ ) ពួកគាត់បានប្តេជ្ញាចិត្តការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងបម្រើសេវាជូនពលរដ្ឋឲ្យកាន់តែល្អ។

លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ថា ស្រុកទឹកឈូមានកម្លាំងនគរបាលសរុប១០៣នាក់ (កម្លាំងអធិការដ្ឋាន៣៣នាក់ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ៧០នាក់)។ រាល់ថ្ងៃការងារចាំបាច់មានពីរ ទី១ការងារផ្តល់សេវាចាំបាច់ ទី២. ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលរួមបញ្ជូលទាំងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ គ្រឿងញៀន និងបញ្ហាក្មេងទំនើង។

លោកអធិការស្រុកទឹកឈូបានប្តេជ្ញាចិត្តថានឹងបន្តខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងបម្រើសេវាជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ពោរពេញដោយស្នាមញញឹមនៅគ្រប់មូលដ្ឋាន។

ចំណែកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងព្រីង ស្រុកទឹកឈូ លោក ស៊ុម សូនី ក៏បានប្តេជ្ញាចិត្តដែរថា នឹងរក្សាតម្លៃ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ការពារ និងបម្រើពលរដ្ឋដោយទឹកចិត្តស្មោះសបំផុត។

កម្លាំងប៉ុស្តិ៍ត្រពាំងព្រីងមាន៥នាក់ ប្រជាការពារក្នុងឃុំមាន៦២នាក់ ហើយការងារចាំបាច់មានពីរ ទី១ការបម្រើសេវាសាធារណៈ ទី២. ការយាមល្បាតចល័តនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពទូទៅជូនពលរដ្ឋ ទេសចរ និងថ្នាក់ដឹកនាំ៕ សេង ណារិទ្ធ