កាកបាទក្រហមខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី២៣ ជូនទុរគតជន​ ១គ្រួសារ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ ៨០គ្រួសារ នៅស្រុកស្រីសន្ធរ

0

កំពង់ចាម:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត រួមនឹងព្រះមន្ត្រីសង្ឃ​ នាព្រឹកថ្ងៃទី​៣០ ខែឧសភា​ ឆ្នាំ២០២៥នេះ​ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី២៣ ជូនទុរគតជន​ ១គ្រួសារ​ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនប្រជាពលរដ្ឋ​ងាយរងគ្រោះ​ រួមមាន ចាស់ជរាគ្មានទីពឹង ជនមានពិការភាព មានជំងឺប្រចាំកាយ ទ័លលំបាក សរុប​ ៨០គ្រួសារ មកពី ៥៦ភូមិ និង​ ១៤ឃុំ​ នៅក្នុងស្រុកស្រីសន្ធរ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​បានថ្លែងថា​ ​អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារប្រទេសយើង មាន​សុខសន្តិភាព​ ព្រោះ​សន្តិភាពមានតម្លៃ​ធំធេង​ណាស់ សម្រាប់ប្រជាជនកម្ពុជា ផ្ទុយ​ទៅ​វិញ​បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅ ពុំបានសុខសាន្ត នោះឡើយ ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកយាយ​ លោកតា​ចាស់ៗ ក្នុងស្ថានភាពអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកយាយ លោកតា​បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍​ផងដែរ​ ។​

គួរបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនគ្រួសារ​ ឈ្មោះ ប៊ូ ស្រឿន សម្រាប់សង្កត់ផ្ទះថ្មីរួមមាន រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង​ ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប​ មី ២កេស​ ឃីត ២សម្រាប់  អាវយឺត ១២ សាប៊ូ ១៦ដុំ សម្ភារផ្ទះបាយ និងថវិកា ២០​ម៉ឺនរៀល​ ។ ចំពោះ​លោកតា លោកយាយ ដែលចូលរួមជាសាក្សី ចំនួន ១១នាក់ ក៏បាន​ទទួលអំណោយមួយចំនួន​ និងថវិកា ២ម៉ឺនរៀល ។
ដោយឡែក​លោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៨០គ្រួសារ ក្នុង ១គ្រួសារ   ទទួលបាន អង្ករ ២៥គ.ក្រ ទឹកត្រី ១យួរ​ មី ១កេស​ ទឹកស៊ីអ៊ីវ ១យួរ​ ត្រីខ ១០ កំប៉ុង ឃីត ១កញ្ចប់ និង ថវិកា ៥ម៉ឺនរៀលផងដែរ​ ៕