ស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយនិងទទួលខុសត្រូវ និងទាមទារ
នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមគ្រប់រូបភាព ដោយមិនត្រូវសាចទឹកដាក់គ្នានោះឡើយ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក្នុងខេត្ត ដែលបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង។
លោក សរ សុពុត្រា បានថ្លែងថា<<បញ្ហាគ្រឿងញៀននេះមិនមែនចេះតែចោទថា ចូលតាមខេត្តស្ទឹងត្រែងឬបណ្តាខេត្តជាប់ព្រំដែននោះទេ ព្រោះបញ្ហានេះវាបានកើតឡើងជាសកល ហើយបញ្ហាគ្រឿងញៀននេះជារឿងដែលយើងទាំងអស់ត្រូវរួមគ្នាទទួលខុសត្រូវ រួមគ្នាដោះស្រាយ រួមគ្នាទប់ស្កាត់ បង្ក្រាប នាំគ្នាធ្វើឲ្យប្រសើរឡើង ដោយកាត់បន្ថយនិងឈានទៅរកការលុបបំបាត់បញ្ហាគ្រឿងញៀន >>
លោក អភិបាលខេត្តស្ទឹងត្រែង ថ្លែងទៀតថា បច្ចុប្បន្ននេះ ក្រុមសង្គមងងឹតបានមានការវិវឌ្ឍន៍ទាំងសម្ភារៈ មធ្យោបាយ និងគំនិតថ្មីៗ ដែលទាមទាឲ្យមន្ត្រីអនុវត្តច្បាប់ទាំងងស់ ត្រូវតែមានរបត់ឲ្យលឿនជាងក្រុមពួកសង្គមងងឹតទាំងនោះ ហើយស្ថិតនៅក្នុងតួនាទីភារកិច្ចរបស់យើង គឺត្រូវទទួលខុសត្រូវដាច់ខាត បង្ក្រាបនូវគ្រប់បទល្មើសទាំងអស់ក្នុងមូលដ្ឋានរបស់យើង ទាំងបញ្ហាគ្រឿងញៀន និងក្មេងទំនើង។
លោក អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្រាប់នៅតាមព្រំដែនកម្ពុជា-ឡាវ មិនមែនមានតែកងកម្លាំងសមត្ថកិច្ចរបស់ខេត្តនោះទេ ដែលនៅប្រចាំការ ត្រៀមទប់ស្កាត់បទល្មើសនានានៅតាមព្រំដែន ប៉ុន្តែ ក្នុងនោះក៏មានកម្លាំងចម្រុះ ចាប់តាំងពីថ្នាក់ជាតិ ថ្នាក់មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅចាំដោះស្រាយគ្រប់ស្ថានការណ៍៕ ដោយ:ឡុង សំបូរ








































