អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ នាំយកអំណោយ ឧបត្ថម្ភដល់កងកម្លាំងខេត្តពីរជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ និងសម្ភោធសមិទ្ធផលនានា ដែលជាអំណោយរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត

0

ខេត្តស្ទឹងត្រែង៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកជំទាវជាភរិយា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយមកចែកជូនដល់ កងកម្លាំងប្រដាប់អាវុធ (កងទ័ព និងកងនគរបាលជាតិ) ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ប្រចាំព្រំដែនខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ និងបានសម្ភោធសមិទ្ធផលនានាជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ។

នៅក្នុងដំណើរឆ្ពោះមកកាន់ខេត្តពីរជាប់ព្រំដែនឡាវ និងថៃរបស់ គណៈប្រតិភូរាជធានីភ្នំពេញ នាពេលនោះ លោក ឃួង ស្រេង បានជួបសំណេះសំណាលសួរសុខទុក្ខ ដល់នាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ,កងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ,កងពលតូចអន្តរាគមន៍លេខ៩ ,នាយ និងពលនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ នៃខេត្តព្រះវិហារ។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា និងប្រេងឥន្ធនៈ ទាំងអស់នេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការអាណិត ស្រលាញ់ ការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ ការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលបានយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពកងកម្លាំងនាឱកាសនេះ និងសូមគោរពជូនពរ គណៈអធិបតី ភ្ញៀវកិត្តិយស ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ,នាយនគរបាល និងពលនគរបាលទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ។

អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលអង្គភាពសម្ព័ន្ធមេត្រីភាព នៃខេត្តទាំងពីរ (ស្ទឹងត្រែង-ព្រះវិហារ) ទទួលបាននៅពេលនោះ រួមមាន៖ កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូចអន្តរាគមន៍លេខ៩ នៃយោធភូមិភាគទី៤ ,កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ​និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ ​ទទួលបាន ថវិកា ប្រេងម៉ាស៊ូត ទឹកសុទ្ធ មី ត្រីខ ប្រេងឆា ទឹកត្រី និងទឹកស៊ីអ៊ីវ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់អង្គភាព អាជ្ញាធរដែនដី និងវត្តអារ៉ាម ក្នុងភូមិសាស្ត្រជិតកងពល ផងដែរ៕ដោយ៖ឡុង សំបូរ