បន្ទាយមានជ័យ ៖គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP) និងការស្នើសុំផ្តល់ កិច្ចសហការដល់ដំណើរការសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវចំនួន ៦ខ្សែ ក្នុងខេត្តបន្ទាយមានជ័យត្រូវបានកិច្ចប្រជុំ ផ្សព្វផ្សាយ ក្រោមវត្តមាន ឯកឧត្តម លី
ណារុន រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយករងគម្រោង កែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP) និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ដែលធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៥ ។
កិច្ចប្រជុំ នេះក៏បានពិភាក្សាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្នើសុំផ្តល់កិច្ចសហការ សម្របសម្រួល និងផ្សព្វផ្សាយព័ត៌មានអំពីគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ(RRCIP) ក្នុងពេលសិក្សាគ្រោងប្លង់លម្អិតខ្សែផ្លូវ ដែលបានជ្រើសរើសក្នុងខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ឱ្យបានជោគជ័យ។
តាមរយៈ នេះក្រសួងអភិវឌ្ឍន៍ជនបទបានជ្រើសរើសខ្សែផ្លូវក្នុងខេត្តបន្ទាយមានជ័យចំនួន ៦ខ្សែ ប្រវែងសរុប ១៣៥១៤ គ.ម. នឹងត្រូវកែលម្អលើកម្រិតគុណភាពផ្លូវទៅជាក្រាលកៅស៊ូពីរជាន់ ឬកម្រាល បេតុងនៅក្នុងឆ្នាំ២០២៦ខាងមុខ បច្ចុប្បន្នផ្លូវទាំង៦ខ្សែនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាគ្រោងប្លង់ បច្ចេកទេសលម្អិតដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Nippon Koei។
សូមបញ្ជាក់ថា គម្រោងផ្លូវទាំង៦ខ្សែ រួមមាន ១-ផ្លូវបាល័ង្គជ្រៃ (ស្រុកមង្គលបូរី-ស្រុកម៉ាឡៃ) មានទទឹង៨ម៉ែត្រ ប្រវែង២៤,១០គីឡូម៉ែត្រ, ២-ផ្លូវស្ពានស្រែ (ភ្នំស្រុក-ព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ប្រវែង២៤គីឡូម៉ែត្រ, ៣-ផ្លូវតាភូ (ស្រុកភ្នំស្រុក-ព្រះនេត្រព្រះ) ទទឹង៨ម៉ែត្រ ដែលមានប្រវែង២៩គីឡូម៉ែត្រ, ៤-ផ្លូវតែហាំង (ឃុំស្វាយចេក) ទទឹង៨ម៉ែត្រ ប្រវែង២៥គីឡូម៉ែត្រ, ៥-ផ្លូវស្រែល្អ (ថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៨គីឡូម៉ែត្រ និង៦-ផ្លូវរលួស-ភូមិថ្មី (ស្វាយចេក-ថ្មពួក) ទទឹង៨ម៉ែត្រ ប្រវែង១៤គីឡូម៉ែត្រ៕ដោយ៖ឃិន គន្ធា







































