អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយសម្ដេចប្រធានរដ្ឋសភា ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

0

ខេត្តឧត្តរមានជ័យ៖ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត នាំយកអំណោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពភាទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

អំណោយរបស់សម្តេចប្រធានរដ្ឋសភា ដែលត្រូវផ្តល់ជូនកងកម្លាំងព្រំដែននាគ្រានោះ រួមមាន៖ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងប៊ុយឌុងទឹកលេណដ្ឋាន ផងដែរ។ ដោយឡែក   មន្ទីរ-អង្គភាពជុំវិញខេត្ត ក៏បានចូលរួមឧបត្ថម្ភ នូវធុងទឹកចំណុះ ២០០០លីត្រ អាគុយសូឡា វិទ្យុទាក់ទង និងបេច្រកដីធ្វើលេណដ្ឋាន ស្ថិតនៅក្នុងបរិវេណ ទីបញ្ជាការផ្នែកសឹករងស្រុកអន្លង់វែង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ។

អង្គភាពប្រដាប់អាវុធប្រចាំព្រំដែន ដែលទទួលបានអំណោយពី សម្តេចប្រធានរដ្ឋសភាកម្ពុជា តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ មាន ១០អង្គភាព គឺ ផ្នែកសឹករងអន្លង់វែង ,ផ្នែកសឹករងត្រពាំងប្រាសាទ ,ផ្នែកសឹករងសំរោង ,ផ្នែកសឹករងបន្ទាយអំពិល ,វរៈសេនាតូចនគរបាលការពារព្រំដែនគោក៧០២ ,វរៈសេនាតូចនគរបាលការពារព្រំដែនគោក៩០៥ ,កងការពារព្រំដែនគោក៤០២ ,កងការពារព្រំដែនគោក៤០៣ ,វរ:សេនាតូចលេខ៤៤៤ និងវរ:សេនាតូចលេខ៤៤៥ ប្រចាំទិសជួរមុខនៃខេត្តឧត្តរមានជ័យ។

អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែង កោតសរសើរចំពោះស្មារតីស្នេហាជាតិ របស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា ហើយសមរភូមិក្រោយ នៅតែបន្តជ្រោមជ្រែង ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារដល់សមរភូមិមុខជានិច្ច៕ដោយ៖ឡុង សំបូរ