ពលករដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរខេត្ត ក្រុមការងារចម្រុះ ទទួលសម្របសម្រួលនិងលើកទឹកចិត្ត

0

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយនឹងក្រុមការងារ ខេត្ត ក្រុង និងក្រុមការងារចម្រុះនៃមន្ទីរ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តបានចុះសម្របសម្រួលជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ នៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត។

អាជ្ញាធរខេត្ត ក្រុមការងារចម្រុះ និងមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ទទួលស្វាគមន៍បងប្អូនពលករយ៉ាងកក់ក្តៅ នៅទីតាំងមណ្ឌលសំចត ប៉ោយប៉ែត បណ្ដោះអាសន្ន និងប្រឹក្សាយោបល់អំពីឱកាសការងារជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ដើម្បីមានឱកាសទទួលបានការងារប្រកបរបរចញ្ចឹមជីវិតនៅស្រុកកំណេីត ខណៈដែលបញ្ហាម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ កាន់តែមានភាពតានតឹង។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានណែនាំឱ្យបង្កើនការងារផ្តល់សេវានានាជូនដល់ពលករដែលឆ្លងដែនមកពីប្រទេសថៃឲ្យបានឆាប់រហ័ស និង លឿនបំផុតតាមអ្វីដែលអាចធ្វើបាន ចំពោះបែបបទ ឯកសារនានាក្នុងកំឡុងពេលស្នាក់នៅទីតាំងមណ្ឌលសំចតប៉ោយប៉ែតនេះ ។ ក្នុងកំឡុងពេលដែលកម្ពុជា និង ថៃ មានវិវាទព្រំដែនជាមួយគ្នានេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ។

ឯកឧត្ដម អ៊ុ រាត្រី បន្តថា៖ ដោយសារតែព្រំដែនមានភាពតាន់តឹង និងមានក្រុមជ្រុលនិយមមួយចំនួន នៅប្រទេសថៃ មានការរេីសអេីងពលករដែលធ្វេីការនៅប្រទេសថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនពលករធ្វើការនៅប្រទេសថៃវិលត្រឡប់មកកម្ពុជា វិញ និងបានបើកឱកាសការងារជូនបងប្អូនធ្វើជាច្រើនរាប់ពាន់កន្លែងផងដែរ។ ក្នុងនោះដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានរៀបចំរថយន្តសម្រាប់ដឹកបងប្អូនពលករ វិលត្រលប់ទៅស្រុកកំណេីត ព្រមទាំងបានផ្តល់អាហារ ជូនផងដែរ៕ដោយ៖ឃិន គន្ធា