ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានស្នេីឱ្យមានការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ កុំប្រើសម្តី ហិង្សា ជេរប្រមាថ ញុះញង់ បង្កឱ្យមានការរើសអើង

0

កំពង់ចាម: លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានស្នេីដល់បងប្អូនអ្នកសារព័ត៌មានអនឡាញ ក៏ដូចជាអ្នកប្រើបណ្តាញសង្គម ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ កុំប្រើសម្តី ហិង្សា ជេរប្រមាថ ញុះញង់ បង្កឱ្យ មានការរើសអើង ប្រកាន់ពូជសាសន៍ គឺ ផ្សព្វផ្សាយតែ

ការពិត  ការអំពាវនាវបែបនេះក្នុងឱកាសបន្តយុទ្ធនាការ ផ្សាព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ។

ជាមួយគ្នានោះ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿជាក់ ជាពិសេសត្រូវពិចារណាឱ្យបានច្បាស់លាស់ មុននឹងចែករំលែកព័ត៌មានទាំងនោះបន្ត ទៅលើបណ្ដាញសង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ ព្រោះការបង្កើត ព័ត៌មានក្លែងក្លាយ គឺជាទង្វើដែលសង្គមមិនគាំទ្រនោះទេ ។

លោកស្រីប្រធានមន្ទីរព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយ ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និង ឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខ ព័ត៌មាន ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ។

លោកស្រី សម ផល្លា បានឱ្យដឹងផងដែរថា យុទ្ធនាការនេះពិតជាសំខាន់ណាស់ ដូច្នេះហេីយក្រុមការងារនឹងបន្តចុះធ្វើនៅគ្រប់បណ្តាក្រុង-ស្រុកនានានៅទូទាំងខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យមានការយល់ដឹងពីព័ត៌មានមានក្លែងក្លាយ ពោលគឺសំដៅទៅលើព័ត៌មានមិនពិត ព័ត៌មានញុះញង់ រើសអើង ឱ្យប្រើអំពើហង្សា តាមរយៈការផ្សព្វផ្សាយលើ ប្រព័ន្ធអ៊ីនធឺនែត ឬ បណ្តាញទំនាក់ទំនងសង្គម ដែលបង្កភាពចលាចលនៅក្នុងសង្គម ៕