(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត
នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានទីតាំង នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនេះ បានបញ្ចុះបឋមសីលា និងដំណើរការសាងសង់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិតនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។ បើគិតមកដល់ពេលនេះ មានរយៈពេល១០៨ថ្ងៃរួចមកហើយ ។ ដោយលទ្ធផលនៃការសាងសង់ បានប្រមាណ ជាង ៨០% នៃគម្រោងផែនការក្នុងការសាងសង់រួចហើយ ។ អគារនេះ អាចនឹងបញ្ចប់ដំណើរការសាងសង់នៅពាក់កណ្ដាលខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ ។
ឯកឧត្តម គង់ កន្នារតន៍ បានថ្លែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ក្រុមជាងសំណង់ និងការយកចិត្តទុកដាក់តាមដានត្រួតពិនិត្យការសាងសង់ ពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជាប់ជាប្រចាំ ធ្វើឲ្យការសាងសង់ប្រកបដោយគុណភាព សោភ័ណភាព និងលឿនរហ័ស ដោយអាចបញ្ចប់ការសាងសង់មុនផែនការកំណត់ ។ ជាមួយនោះដែរ ឯកឧត្តម គង់ កន្នារតន៍ ក៏បានណែនាំកិច្ចការមួយចំនួនក្នុងការរៀបចំកែលម្អសោភ័ណភាព និងការរៀបចំគ្រឿងបំពាក់ផ្សេងៗ នៅក្នុងអគារសាលប្រជុំ ស្របតាមសេចក្តីត្រូវការ ក្នុងការបម្រើបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អាគារធ្វើការងារសម្រាប់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានយកចិត្តទុកដាក់ដឹកនាំបញ្ជាដោយផ្ទាល់ក្នុងការរៀបចំសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីនិរន្តរភាពការងារ ក្នុងការបម្រើការជូនបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំឲ្យកាន់តែល្អប្រសើរ ឡើងថែមទៀត។





































