ខេត្តព្រះវិហារ៖ គ្រួសារវីរយុទ្ធជន ដែលត្រូវបានទាហានសៀមប្រើល្បិចចាប់ខ្លួន ៤រូប កាលពីថ្ងៃទី២៨កក្កដា២០២៥ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន ទទួលបានការយកចិត្តទុកដាក់ និងទទួលបានអំណោយពី កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនតាមរយៈរដ្ឋបាលខេត្ត និងនៅថ្ងៃទី១៥សីហា២០២៥នេះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកស្បៀងទាំងនោះ ទៅផ្តល់ជូន និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រមុខកាកបាទក្រហមកម្ពុជា ចំពោះគ្រួសារវីរកងទ័ព នាគ្រានោះផងដែរ។
នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងមានក្តីព្រួយបារម្ភបំផុត ចំពោះសុខទុក្ខរបស់កងទ័ព គ្រួសារយុទ្ធជន និងវីរយុទ្ធជនគ្រប់ៗរូប និងសម្តេចបានផ្តាំផ្ញើដល់គ្រួសារកងទ័ពទាំងអស់ សូមកុំឲ្យមានការព្រួយបារម្ភឲ្យសោះ ព្រោះត្បិតរាជរដ្ឋាភិបាល បាននិងកំពុងខិតខំតាមដាន និងដោះស្រាយលើបញ្ហាទាំងអស់នេះឲ្យបានល្អបំផុត ដើម្បីឲ្យវីរយុទ្ធជនរបស់យើង បានវិលត្រឡប់មកមាតុភូមិវិញក្នុងពេលឆាប់ៗខាងមុខនេះ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដោយសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនទាំងអស់ ដែលបានចូលរួមការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិនៃយើង។ ដោយឡែក នៅថ្ងៃទី១៤សីហាម្សិលមិញនោះ លោកអភិបាលខេត្តព្រះវិហារ ក៏បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងការនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅផ្តល់ជូនគ្រួសារវីរយុទ្ធជន សឿន ចាន់រិទ្ធី មួយគ្រួសារទៀត ដែលត្រូវបានទាហានសៀមចាប់ខ្លួននាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានបញ្ជាក់ថា ការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានបង្ហាញឲ្យឃើញពីការគិតគូខ្ពស់ ចំពោះគ្រួសារវីរយុទ្ធជន ដែលបានបំពេញភារកិច្ច ដើម្បីការពារបូរណភាពទឹកដី។ លោកថា គ្រប់ការលះបង់ទាំងអស់របស់វីរយុទ្ធជន ត្រូវបានថ្នាក់ដឹកនាំជាតិចងចាំ និងដឹងគុណជានិច្ច ហើយក្រុមគ្រួសាររបស់ពួកគាត់នឹងមិនត្រូវបានបំភ្លេចចោលនោះឡើយ៕ដោយ៖ឡុង សំបូរ



































