កំពង់ធំ÷ លោក ហុិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ និងក្រុមការងារការិយាល័យបេតិកភណ្ឌ
សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ រដ្ឋបាលស្រុកសន្ទុក និងអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះពិនិត្យ និងវាយតម្លៃវត្ថុសិល្បៈរកឃើញថ្មីចំនួន១ (មួយ) ដុំ/អង្គ នៅអធិការដ្ឋាននគរបាលស្រុកសន្ទុកនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
លោក ហុិន សោភ័ណ បានឱ្យដឹងថា បដិមានេះ រកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ២០០ ម៉ែត្រ ក្នុងពេលប្រតិបត្តិការ នៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកបានបន្ថែមថា ក្រោយពីការពិនិត្យចប់សព្វគ្រប់មក ជាលទ្ធផលបានបង្ហាញថា បដិមានេះធ្វើអំពីស្ពាន់ ដែលទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនានិកាយមហាយានដែលគេស្គាល់ព្រះនាមថា ព្រះពោធិសត្វអវលោតិកេស្វរ (លោកេសូរ) ឬអាចជាព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ) (ការសន្និដ្ឋាននេះមិនប្រាកដទាំងស្រុងដោយសារការបាក់បែកនៅត្រង់ចំណុចថ្ងាសនិងផ្នួងសក់ ដែលជាលក្ខណៈសម្គាល់អំពីទេពទាំងពីរនេះ)។ តាមទម្រង់ព្រះភក្រ្ត និងសំពត់របស់ទេព បដិមានេះទំនងស្ថិតនៅក្នុងរចនាបថបាខែង (គ.ស.៨៩៣ – ៩២៥) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ ឬព្រះបាទស្រីហស៌វរ្ម័នទី១។
សូមបញ្ចាក់ថា បដិមានេះ បានយកមករក្សាទុកនៅសារមន្ទីរខេត្តនៅព្រឹកថ្ងៃខែឆ្នាំដដែល៕




































