សៀមរាប៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌ទី៩៥ របស់សាខា ត្រូវបានសាងសង់រួចរាល់និងប្រគល់ជូនជូនគ្រួសារស្រី្តមេម៉ាយក្រីក្រ និងមានពិការភាពពីរនាក់បងប្អូន នាព្រឹកថ្ងៃទី១៦
ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា។ ផ្ទះមនុស្សធម៌ទី៩៥នេះ ត្រូវបានប្រគល់ជូន លោកយាយ ប៊ុត សំបូរ អាយុ ៧៣ឆ្នាំ ជាស្ដ្រីមេម៉ាយមានពិការភាព (គមខ្នង) និងប្អូនស្រីរបស់គាត់ឈ្មោះ ប៊ុត សុផារី អាយុ៥១ឆ្នាំ មានពិការភាព (ស្ត្រូកមួយចំហៀងខ្លួនខាងឆ្វេងដោយសារជំងឺតាំងពីឆ្នាំ២០០០មកម្លេះ) គ្រួសារនេះ រស់នៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោកជំទាវ បន្តថា ដោយមើលឃើញពីទុក្ខលំបាកគ្រួសាររបស់លោកយាយ តាមរយៈលោក អ៊ឹង សុភ័ណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងរុនតាឯកតេជោសែន ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារ និងមន្ត្រីប្រតិបត្តិសាខា ចុះពិនិត្យ និងសាងសង់ផ្ទះមនុស្សធម៌នេះឡើងសម្រាប់គ្រួសារលោកយាយបានស្នាក់នៅសមរម្យ ប្រកបដោយភាពកក់ក្ដៅ និងសុខសាន្តតរៀងទៅ។
សូមបញ្ជាក់ថា ដោយទឹកចិត្តមនុស្សធម៌ដ៏ប្រសើរថ្លៃថ្លាបំផុត លោកជំទាវ ហោ សាយ័ន្ដ ធាស៊ីវត្ថា សមាជិកាគណៈកម្មាធិការសាខា និងក្រុមគ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឧបត្ថម្ភទាំងស្រុង សម្រាប់ការសាងសង់ផ្ទះមនុស្សធម៌ទី៩៥នេះឡើង ដោយចំណោយទឹកប្រាក់ចំនួន ៣,៨០០ដុល្លារអាមេរិក។ ផ្ទះនេះមានទំហំ៦គុណ៦ម៉ែត្រ មានបន្ទប់គេង២ បន្ទប់ទឹក១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ១០ បាតក្រាលការ៉ូមានកម្ពស់ផុតពីដី ០.៥ម៉ែត្រ និងចាក់សាបជុំវិញទទឹង០.៥ម៉ែត្រ ជំនួសផ្ទះចាស់មានទំហំ ២ម៉ែត x ៣ម៉ែត្រ។
ជាមួយគ្នានេះ លោកជំទាវ ក៏បាននាំយកនូវអំណោយសង្កត់ផ្ទះមួយចំនួនផងដែររួមមាន៖ អង្ករ៩០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម មុង៤ ភួយ៤ សារុង២ ក្រមា២ កន្ទេល២ ឆ្នាំង២ ធុងទឹកជ័រ១គូ ធុងធំ៤៥លីត្រ១ ថវិកា៤០ម៉ឺនរៀល។ ក្នុងឱកាសនេះដែរ លោកជំទាវ ហោ សាយ័ន្ត បានឧត្ថម្ភថវិកាបន្ថែមចំនួន ៤០ម៉ឺនរៀល ហើយប្រតិភូរួមដំណើរក៏បានឧបត្ថម្ភថវិកាដល់គ្រួសារលោកយាយមួយចំនួនផងដែរ៕





































