(កំពង់ធំ)÷ លោក មុយ មុនិន្ទ កោតសរសើរដល់អាជ្ញាធរឃុំព្រះដំរី ដែលយកចិត្តទុកដាក់ដល់ពលករដែលធ្វើមាតុភូមិនិវត្តន៍ និងជនភៀសសឹក លោក មុយ មុនិន្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន
ក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី បានកោតសរសើរដូច្នេះនៅក្នុងឱកាសដែលលោក រួមនិងក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក និងពលករទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ ក្នុងឃុំព្រះដំរី កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរលោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោង រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះផងដែរ។
លើសពីនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមានការជឿជាក់ខ្ពស់ដល់ភាពឆ្លៀសវ័យរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះជាមួយថៃពីបញ្ហាព្រំដែនប្រកបដោយសន្តិវិធីជាជាងការប្រើកម្លាំងយោធា ឬហិង្សាណាមួយឬជាចេតនាសង្គ្រាមនោះទេ។
សូមបញ្ជាក់ថា ក្នុងឱកាសនេះដែរលោក មុយ មុនិន្ទ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ចែកជូនដល់គ្រួសារចំនួន ៣៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន÷ អអង្ករ០១បាវស្មើនឹង២៥គីឡូក្រាម ទឹកត្រី០១យួរ និងទឹកស៊ីអ៉ីវ០១យួរផងដែរ៕





































