(កំពង់ធំ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងត្រួត
ពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍ អំពីស្ថានភាព លក្ខណៈភូមិសាស្ត្រខេត្ត កិច្ចការងារ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រតិបត្តិការ ព្រមទាំងរចនាសម្ព័ន្ធ ស្ថានភាពកងកម្លាំងនគរបាលខេត្តកំពង់ធំ និងបានលើកពីស្នាដៃ គុណបំណាច់របស់កងកម្លាំង រយៈពេលកន្លងមក សម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្នុងបេសកកម្មការពារជាតិមាតុភូមិ នាឱកាសប្រារព្ធពិធីបុណ្យជាតិ និងអន្តរជាតិ ជាពិសេសខេត្តរៀបចំពិធីសំខាន់ៗ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាល ដែលលះបង់កម្លាំងកាយចិត្ត សេចក្ដីផ្ទាល់ខ្លួន អនុវត្តតួនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ។ ព្រមទាំងកោតសរសើរ ចំពោះស្នងការនគរបាលខេត្តកំពង់ធំ ដែលប្រមូលផ្ដុំកងកម្លាំង ប្រកបដោយភាពអង់អាចក្លាហាន និងបានត្រៀមលក្ខណៈរួចជាស្រេច ចំពោះសម្ភារៈ មធ្យោបាយ រង់ចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាបូរណភាពរអធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ។
បន្ថែមពីនេះឯកឧត្តម បានផ្ដាំផ្ញើ និងដាក់ចេញនូវទិសដៅ ១៤ចំនុច ដល់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងយកទៅអនុវត្ដឱ្យទទួលបានប្រសិទ្ធភាពខ្ពស់÷ ១. ត្រូវបន្តអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវកំណត់កម្មវិធី ដឹកនាំប្រជុំ ត្រួតពិនិត្យ ដោះស្រាយការងាររបស់អង្គភាពចំណុះតាមកាលកំណត់ ឬ តាមភាពចាំបាច់នៃការងារ។ ២. បន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅ មូលដ្ឋាន ឱ្យកាន់តែសកម្មស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ និងចុះអន្តរាគមន៍ឱ្យបានទាន់ ពេលវេលា និងត្រូវមានការតាមដាន ត្រួតពិនិត្យការអនុវត្តនៅមូលដ្ឋាន ដើម្បីផ្តល់ការគាំទ្រ លើកទឹកចិត្តដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាន ដែលអនុវត្តសកម្ម។ លើនេះ ត្រូវជំរុញការចុះបង្ក្រាបបទល្មើឆបោកតាមអនឡាញ ការលេង ល្បែងអនឡាញ និងល្បែងស៊ីសងខុសច្បាប់ នៅតាមទីតាំងនានា ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ហើយជនបរទេសដែលរកឃើញត្រូវធ្វើការចាត់បញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ តាមនីតិវិធីឱ្យបានឆាប់ ដើម្បីបណ្តេញចេញ។ ចំណែកឯកជនល្មើស ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវីធី។
៣. រៀបចំផែនការត្រួតពិនិត្យនិងឆែកឆេរអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ បែបចំហ និងតាមបែបរដ្ឋបាល ក្នុងដែនតាមបែបចំហ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយកំណត់ពេលវេលា និងទីតាំងត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ពិនិត្យ និង សម្រេចលើផែនការ នេះពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មុនចាត់តាំងអនុវត្ត។ ៤. ពង្រឹងការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានរៀបរយល្អ ប៉ុន្តែយកវិធានការអប់រំនិងវិធានការរដ្ឋបាលជាធំ ជាជាងការផាកពិន័យ (អនុវត្ត ដោយភាពបត់បែន រស់រវើក បញ្ចៀសឱ្យបានរាល់សកម្មភាពអសកម្មដែលនាំឱ្យមាន ការរិះគន់ពីសាធារណៈមតិ)។
៥. លុបបំបាត់ឱ្យបាននូវរាល់សកម្មភាពរបស់ក្មេងទំនើង ដែលបង្កភាពភ័យ ខ្លាច និងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ជាពិសេសនូវរដូវបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំ បិណ្ឌនាពេលខាងមុខ។ ៦. បង្កើនវិធានការគ្រប់គ្រងមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលវិលមកពី ប្រទេសថៃ (មានបញ្ជីគ្រប់គ្រង នឹងតាមដានសកម្មភាពឱ្យបានហ្មត់ចត់) ព្រមទាំង ជួយផ្សព្វផ្សាយអំពីទីផ្សារការងារដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។ ៧. បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យ និងការគោរពក្រមសីល មើលធម៌ ។ ៨. ត្រូវបន្តពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ តាមរយៈការគ្រប់គ្រង បញ្ជីវត្តមាន ឬការប្រជុំជួរ ការត្រួតពិនិត្យការគ្រងឯកសណ្ឋាន និងពាក់សញ្ញាសម្គាល់ នគរបាលជាតិឱ្យបានត្រឹមត្រូវ តាមការកំណត់ ការកំណត់ក្នុងបទវិន័យនគរបាលជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ៩.ចផ្សព្វផ្សាយអប់រំ និងណែនាំ ដល់ប្រជាពលរដ្ឋ កុំឱ្យមានការរើសអើង ដែលអាចបង្កឱ្យមានទំនាស់ជាតិសាសន៍ទៅវិញទៅមកធ្ងន់ធ្ងរ ជាពិសេសត្រូវចៀសវាងនូវរាល់ ការផ្សព្វផ្សាយព័ត៌មាន បញ្ចេញមតិ បង្ហោះរូបភាព ឬធ្វើសកម្មភាពដោយខ្វះការពិចារណា ដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តបទឈប់បាញ់ នឹងប៉ះពាល់ដល់ការ រកទទួលទានរបស់បងប្អូនប្រជាពរដ្ឋខ្មែរដែលមានសញ្ញាសម្គាល់ជារបស់ថៃ។ ១០. ត្រូវចូលរួមចំណែកក្នុងការអប់រំ នឹងពន្យល់ប្រជាពលរដ្ឋនៅតាម ភូមិសាស្ត្រក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានយល់អំពីជំហរ គោលនយោបាយយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយត្រូវរក្សា ឱ្យបានដាច់ខាតនូវភាពថ្លៃថ្នូរ ថ្នូរ អត់ធ្មត់ ដ្ឋាភិបាល បំពេញ កាតព្វកិច្ច ការពារអធិបតេយ្យបូរណភាពទឹកដីនៃយើងទាំងអស់គ្នា ប្រកបដោយ ជោគជ័យ។ ១១. អនុវត្តឱ្យបានខ្ជាប់ខ្លួន សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ទាក់ទង នឹងការបង្ហោះ Drones ។ ១២. ត្រូវធ្វើបច្ចុប្បន្នភាព Drones និងធ្វើចំណាត់ថ្នាក់តាមប្រភេទនៃ Drones ក្នុងមូលដ្ឋានរបស់ខ្លួន រាជធានី ខេត្ត របស់ខ្លួនឱ្យបាន ច្បាស់លាស់។ ១៣. ធ្វើរបាយការណ៍ប្រចាំថ្ងៃអំពីបង្ហោះ Drones ទាំងការបង្ហោះក្នុងស្រុក ទាំងមកពីខាងក្រៅ ដោយត្រូវស្រាវជ្រាវរកប្រភព និងរកម្ចាស់ តាមលទ្ធភាពដែលអាចធ្វើ ទៅបាន។ ១៤. ក្រៅពីការដឹកនាំប្រតិភូចុះសុខទុក្ខ ឧបត្ថម្ភ គាំទ្រជួរមុខប៉ុណ្ណោះទេ ស្នងការដ្ឋាន ក៏ត្រូវរៀបចំបង្កើតឱ្យមានកងអនុសេនាតូច ដោយត្រៀមលក្ខណៈសម្បត្តិ រួចជាស្រេច ដើម្បីគាំទ្រដល់សមរភូមិមុខថែមទៀត ក្នុងករណីចាំបាច់ ឬមានតម្រូវការ។ សកម្មភាពទាំងនេះ បានបង្ហាញអំពីសុឆន្ទៈរបស់កងកម្លាំង ក្នុងនាមគ្រួសារ នគរបាលជាតិ រួមគ្នាទប់ទល់នូវមហិច្ឆិតាឈ្លានពានរបស់សត្រូវ។
ជាកិច្ចចុងក្រោយ ឯកឧត្ដម បានប្រគល់អំណោយ ដែលជាការឧបត្ថម្ត ដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រួមមាន÷ ១.ថវិកាចំនួន ១៦០,០០០,០០០រៀល, ២.អង្ករចំនួន ០៤ តោន, ៣.ទឹកបរិសុទ្ធ ២០០ កេស, ៤.មី ៥០ កេស,៥.ត្រីខ ២០ កេស៕ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ






































