ឯកឧត្តម ថោ ជេដ្ឋា អំពាវនាវពលរដ្ឋក្នុងមូលដ្ឋាន សូម ចូលរួមជឿជាក់ជាមួយក្រុមការងារ ដើម្បីរួមគ្នាអភិវឌ្ឍស្រុកស្ទោង

0

(កំពង់ធំ)÷ ឯកឧត្ត ថោ ជេដ្ឋា អំពាវនាវពលរដ្ឋក្នុងមូលដ្ឋានសូម ចូលរួមនិងជឿជាក់ជាមួយក្រុមការងារដើម្បីរួមគ្នាអភិវឌ្ឍស្រុកស្ទោង ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម ព្រមទាំងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សាជូនដល់ព្រះសង្ឃ អាចារ្យគណៈកម្មការវត្តទាំង៦នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៥។

ក្នុងឱកាសនោះដែរឯកឧត្តមបានពាំនាំនូវការប្រាប់ផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែគិតគូរយចិត្តទុកដាក់ដល់សុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា។

ឯកឧត្តមបន្ថែមថា ស្រុកស្ទោងជាស្រុកមួយកំពុងតែមានការរីកចម្រើនទៅលើវិស័យកសិកម្ម ជាពិសេសកំពុងកសាង ព្រមទាំងមានផែនការសម្រាប់កសាងបន្តនូវហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ ដែលជាឃឿនក្នុងការលើកកម្ពស់សុខទុក្ខសុខុមាលភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះឯកឧត្តមបានគោរពកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់វីរៈយុទ្ធជនដែលបានពលីសាច់ស្រស់ឈាមស្រស់ និងកំពុងការពារព្រំដែនប្រយុទ្ធតស៊ូការពារបូរណភាពដែនដីពីការឈ្លានពានរបស់ចោរសៀម ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាសង្គ្រាម ពីការបង្កកអរិភាពឥតឈប់ឈរ របស់សៀមប្រកបដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិជាគោល។

សូមបញ្ជាក់ថា ក្នុង១វត្តៗទទួលបាននូវបច្ច័យចំនួន១លានរៀល ទៀនព្រះវស្សា១គូ សាដក់១ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងទេយ្យទានមួយចំនួនធំទៀត។ ឯកឧត្តម និងក្រុមការងារក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខវីរៈកងទ័ព គ្រួសារយុទ្ធជនចំនួន៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង និងនៅក្នុងគេហដ្ឋានបងប្អូនផងដែរ ដែលក្នុងនោះ ក្នុង១នាក់ទទួលបាននូវថវិកា២លានរៀល ដោយឡែក លោកអនុសេនីយ៍ទោ សឹង្ហ សារួន ទទួលបាននូវថវិកា៤លានរៀលផងដែរ៕