(កំពង់ធំ)៖ ដើម្បីសម្រួលការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ឱ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានរៀបចំឱ្យមានបង្គោលភ្លើង និងបំពាក់
អំពូលសូឡាចំនួន២៦ដើមនៅលើផ្លូវបេតុងដែលទើបសាងសងរួចប្រវែង៥៧៥ ម៉ែត្រ ស្ថិតនៅភូមិអមទង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាមួយគ្នានៅផងដែរលោក ហាក់ ម៉ុងហួត បានលើកឡើងថាបង្គោលភ្លើង និងអំពូលសូឡាទាំងនេះជាអំណោយរបស់សប្បុរសជជិតឆ្ងាយ ដែលចូលរួមជាមួយព្រះចៅអធិការវត្តគុហនគរ ក្នុងបុព្វហេតុសម្រួលការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ឱ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ កាត់បន្ថយភាពស្ងប់ស្ងាត់ ភាពងងឹតនៅតាមដងផ្លូវ ក៏ជាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ច ប្រជាការពារ និងប្រជាពលរដ្ឋនៅតាមសងខាងផ្លូវបេតុងនេះ ក៏បានរួមគ្នារៀបចំដាក់លូបង្ហូរទឹកភ្លៀង និងគម្របលូនៅតាមបណ្ដោយផ្លូវ ព្រមទាំងចាក់សាបនៅតាមចំណីផ្លូវសម្រាប់បង្កភាពងាយស្រួលក្នុងការចេញចូលផ្ទះរបស់ពួកគាត់ផង និងលម្អសោភ័ណភាពតាមដងផ្លូវផង។ សកម្មភាពរបស់ប្រជាពលរដ្ឋបែបនេះ គឺបង្ហាញពីការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកិច្ចការសាធារណៈជាមួយអាជ្ញាធរ។
នាឱកាសនោះលោកអភិបាលស្រុក បានសម្ដែងនូវការថ្លែងអំណរគុណចំពោះព្រះគ្រូមុនីសីលវង្ស តុន ពិសី ដែលតែងតែកៀរគរជំនួយពីសប្បុរសជនជិតឆ្ងាយយកមកកសាងសមិទ្ធផលនានាក្នុងមូលដ្ឋាន មានទាំងសមិទ្ធផលក្នុងវត្តអារាម និងសមិទ្ធផលសាធារណៈផ្សេងៗ។
លោកអភិបាលស្រុក ហាក់ ម៉ុងហួត រួមទាំងព្រះគ្រូមុនីសីលវង្ស តុន ពិសី ក៏បានថ្លែងអំណរគុណនិងជូនពរចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមកសាងសមិទ្ធផលសាធារណៈទាំងនោះ ខណៈការចូលរួមនេះគឺបានផ្ដល់ជាប្រយោជន៍ច្រើនណាស់សម្រាប់មូលដ្ឋានភូមិ ឃុំ នៅស្រុកតាំងគោក។
ជាមួយគ្នានោះដែរលោកអភិបាលស្រុកក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសុខសមិទ្ធផលនេះឱ្យបានគង់វង្ស៕






































