លោក នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីរដ្ឋខេត្តកំពង់ធំ ស្តីពីលទ្ធផលនៃការផ្តល់សុពលភាព និងអនុម័តលើបញ្ជីឈ្មោះមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ច

0

ខេត្តកំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីរដ្ឋខេត្តកំពង់ធំ ស្តីពីលទ្ធផលនៃការផ្តល់សុពលភាព និងអនុម័តលើបញ្ជីឈ្មោះមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ច ឃុំគោល ស្រុកប្រាសាទសំបូរ និង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តគម្រោង សំដៅប្រែក្លាយគម្រោងនេះ ឱ្យក្លាយជាគម្រោងគម្រូមួយ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយក្រុមការងារចុះជួយស្រុក សូមពិនិត្យឡើងវិញនូវបញ្ជីឈ្មោះមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ច នៃគម្រោង LASED IIIនេះ ឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាធានាថាមុខសញ្ញាអ្នកទទួលដីសម្បទាននេះ គឺជាជនក្រីក្រពិតប្រាកដ ដែលគ្មានដី ឬខ្វះខាតដីសម្រាប់សាងសង់លំនៅឋាន ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងធ្វើការការវិនិច្ឆ័យ និងនីតិវិធីជ្រើសរើសមុខសញ្ញាអ្នកទទួលដី ដែលត្រូវអនុវត្តន៍ក្នុងការវាយតម្លៃ និងដាក់ពិន្ទុអោយបានត្រឹមត្រូវ យុត្តិធម៌ មិនលំអៀង។ លើសពីនេះទៀត ឯកឧត្តម បានជំរុញដល់ក្រុមការងារនៃគម្រោង LASED III ត្រូវធ្វើកិច្ចការងារនេះ ឲ្យបានលឿន រួចរាល់នៅចុងឆ្នាំ២០២៥នេះ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមថា មន្ត្រីរាជការទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ សូមដកខ្លួនចេញជាបន្ទាន់ ហើយក្នុងករណីដែលរកឃើញថា មានមន្ត្រីណាម្នាក់មានជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ និងចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់៕