កំពង់ធំ៖ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ លោក វន សំភាស់ នាយកអង្គការ អេដ អេ អាក់ ស្យុង (AEA) លោក តំណាងសាលាអាយលីដអន្តរជាតិ (ILEAD) សមាជិកក្រុមប្រឹក្សាខេត្ត សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ប្រធាន
ក្រុមប្រឹក្សាក្រុង/ស្រុក អភិបាលរងស្រុកសណ្តាន់ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ លោកតំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលវិស័យឯកជន លោកនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អញ្ជើញចូលរួមក្នុងពិធីចែកសម្ភារៈសិក្សា កង់ ឡាបូលាងសម្អាតដៃ និងម៉ាស៊ីនចម្លោះទឹកស្អាត ជូនកុមារជួបការលំបាកតាមភូមិ និងសាលាបឋមសិក្សា ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៥។
ជាមួយគ្នានេះផងដែរលោក គៀង សេងគឺ បានលើកឡើងថា ក្នុងនាមសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់អង្កការ អេដ អេ អាក ស្យុង (AEA) និងសាលាអាយលីតអន្តរជាតិ ដែលបានសហការចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍ លើកកម្ពស់ភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីឱ្យក្លាយចទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។
លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមានជំងឺផ្សេងៗ។ ខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទំលាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រ ដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាលំដាប់។
ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថាក្នុងកិច្ចសហការដើម្បីការអប់រំ និងអភិវឌ្ឍសហគមន៍ ធ្វើការរួមគ្នាពង្រីកឱកាសទទួល បានការសិក្សាក្នុងចំណោមកុមារជួបការលំបាកនៅក្រៅសាលារៀន និងលើកកម្ពស់ទៅលើសុខភាព អនាម័យរបស់កុមារតាមរយៈ(ការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត និងការលើកកម្ពស់គុណភាព អប់រំនៅមូលដ្ឋាន)។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ធំ ជាស្ថាប័នតំណាងឱ្យក្រុមប្រឹក្សាក្រុង/ស្រុក/ឃុំ សង្កាត់ គឺជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូសំខាន់ នៅក្នុងការជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការអនុវត្តអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា រួមទាំងកិច្ចការងារអភិវឌ្ឍន៍សង្គម។
សូមបញ្ជាក់ថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ សហការជាមួយអង្កការអេដ អេ អាក ស្យុង (AEA) និងសាលាអាយលីតអន្តរជាតិ បានចែកសម្ភារ:សិក្សាមាន៩ឃុំនិងភូមិចំនួន៨៤មាន÷ កង់១០០គ្រឿង កាតាប៥២០ សៀវភៅសរសេរ២.០៨០ក្បាល ឡាបូលាងសម្អាតដៃ១០ឈុត ចំនួន៥សាលាបឋមសិក្សា និងម៉ាស៊ីនចម្រោះទឹកស្អាតចំនួន១គ្រឿង ១សាលា ជូនដល់កុមារជួបការលំបាកផងដែរ៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប





































