កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា លើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៥ ដល់កងកម្លាំងប្រមាណជិត ៣០០នាក់ នៅសាលប្រជុំស្នងការដ្ឋាន
នគរបាលខេត្ត ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម នាពេលកន្លងមក បងប្អូនយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង បំពេញភារកិច្ច រហូតទទួលបានល្អប្រសើរ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។
បន្ទាប់មកលោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍ បូកសរុប និងដាក់ចេញនូវគោលការណ៍ ០៩ ចំនុច ដល់ថ្នាក់ដឹកនាំផែនការងារជំនាញ លោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុក យកទៅអនុវត្ត ឱ្យទទួលបានជោគជ័យបន្ថែមទៀត ÷ ១.ការងារសន្តិសុខ : បន្តយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្ត ឱ្យទទួលបានជោគជ័យបន្ថែមទៀត ។
២.ការងារព្រហ្មទណ្ឌ : បន្តពង្រឹងវិធានការជំនាញ វិធានការច្បាប់ វិធានការរដ្ឋបាល បង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ធានាសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។៣.ការងារសណ្ដាប់ធ្នាប់សាធារណ: បន្តអនុវត្ត គោលការណ៍ សេចក្តី ណែនាំ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។ ៤.ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ :ត្រូវគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល ត្រួតពិនិត្យ យុទ្ធោបករណ៍ បម្រើឱ្យកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ។
៥.ការងារអត្តសញ្ញាណកម្ម : លោកស្នងការ បានកោតសរសើរ ដល់មន្ត្រីជំនាញ ដែលបានយកចិត្តទុកដាក់ពន្លឿន ការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ជាពិសេសអត្តសញ្ញាណប័ណ្ណ,.សៀវភៅស្នាក់នៅ .សៀវភៅគ្រួសារ ។ ៦.ផែនការងារសេនាធិការ : លោកស្នងការ បានលើកទឹកចិត្ត ដល់មន្ត្រីជំនាញ ដែលបានចងក្រង របាយការណ៍ លម្អិតក្បោះក្បាយ ដើម្បីរំលេចអំពីស្នាដៃ គុណបំណាច់ របស់បងប្អូនកងកម្លាំង តាមបណ្ដាផែនការងារជំនាញ សម្រេចបានលទ្ធផលជោគជ័យ ជូនអង្គភាព ។ ៧.ផែនការងារ ភស្តុភារ និងហិរញ្ញវត្ថុ :គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ) ។ ៨.ប្រឆាំងគ្រឿងញៀន ពង្រឹងការអនុវត្តច្បាប់ រួមគ្នាគិតរួមគ្នាធ្វើ ពុះពារព្យាយាម ដោយមានឆន្ទ: មនសិការ និងការលះបង់ខ្ពស់ សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានទូទាំងខេត្ត ឲ្យថយចុះជាបន្តបន្ទាប់ ។ ៩. ចំពោះកងអនុសេនាតូចទង ០២ កង បន្តត្រៀមលក្ខណៈសម្បត្តិ រួចជាស្រេច ដើម្បីគាំទ្រ ដល់សមរភូមិមុខ ។
ជាកិច្ចចុងក្រោយ លោក ស្នងការ បានប្រសិទ្ធិពរជ័យ ជូនចំពោះលោក លោកស្រីស្នងការរង ព្រមទាំងកងកម្លាំងក្រោមឱវាទទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕





































