សមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ព្រមទាំងពលករចំណាកស្រុកមកពីប្រទេសថៃ ចំនួន ៣៥គ្រួសាររទទួលបានអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្តិត

0

ខេត្តកំពង់ធំ នៅរសៀល​ថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន  សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ទៅឧបត្ថម្ភជូនក្រុមគ្រួសារសមាជិកគណបក្ស រួមជាមួយប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងពលករចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃក្នុងពេលសង្គ្រាម ចំនួន ៣៥គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា  ដែលសម្ដេចទាំងទ្វេលោកតែងតែព្រួយបារម្ភ និងគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់សមាជិកបក្សក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា។ ពិសេសប្រជាពលរដ្ឋភៀសសឹក និងបងប្អូនប្រជាពលករដែលចំណាកស្រុកត្រូវបានវិលត្រឡប់មកពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ។ ហើយសម្ដេចលោកបានសូមជូនពរដល់បងប្អូន អ៊ុ ពូ មីង ក្មួយៗ និងចៅៗទាំងអស់សូមទទួលបាននូវសុខភាពល្អនិងពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។

ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅនៅតាមព្រំដែនកម្ពុជា ថៃ ពិសេសការបាញ់ប្រហារ តាមគ្រប់រូបភាព ។ ការទម្លាក់គ្រាប់បែកធុនធ្ងន់ និងគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិបានហាមឃាត់ តាមយន្តហោះប្រភេទអែហ្វ ១៦  ក្នុងមហិច្ឆតាឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា  តែត្រូវបានវីរយុទ្ធជនដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទយើង ស៊ូលះបង់អាយុជីវិត សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី មិនឱ្យខ្មាំងសត្រូវចូលឃ្លានពានបានឡើយ។   វីរភាពដ៏អង់អាចក្លាហាននេះ ដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

ឯកឧត្តម សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗក្រោយពេលមានបទឈប់បាញ់ ដោយមានការសម្របសម្រួល ពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងតំណាងភាគីចិន ព្រមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន ។ ដែលកិច្ចការនេះក្រោមការខិតខំប្រឹងប្រែងរកដំណោះស្រាយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ តែភាគីថៃ នៅតែរំលោភបំពានជាបន្តបន្ទាប់ តាមរយៈការចល័តកងកម្លាំងចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា និងការរាយបន្លាលួស ដាក់កង់ឡាន ព័ទ្ធយកផ្ទះប្រជាជន នៅខេត្តបន្ទាយមានជ័យ លើដែនអធិបតេយ្យភាពកម្ពុជា ដោយគ្មានការកោតក្រែងច្បាប់អន្តរជាតិ និងការគោរពតាមកិច្ចព្រមព្រៀងទាំង ១៣ចំណុច របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ GBC ដែលបានចុះហត្ថលេខារួចហើយ នៅប្រទេសម៉ាឡេស៊ី ។

នៅក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន ក៏បានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់ក្រុមគ្រួសារសមាជិកបក្ស និងប្រជាពលរដ្ឋជួបកាលលំបាកខ្វះខាត ព្រមទាំងពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ សរុបចំនួន ៣៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ០២យួរ ត្រីខកំប៉ុងចំនួន០១យួរ និងភួយដណ្ដប់ចំនួន ០១ ផងដែរ ។