ភ្នំពេញ៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវបេតុងឆ្អឹងដែក ចំនួន ០៣ខ្សែ មានប្រវែងសរុប ១.១៩៥ម៉ែត្រ និង ប្រព័ន្ធលូ ចំនួន០២ខ្សែ មានប្រវែងសរុប ៥៣០ម៉ែត្រ ស្ថិតក្នុង សង្កាត់ដង្កោ និងសង្កាត់ជើងឯក
ដែលស្ថិតនៅក្នុង គម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោឆ្នាំ២០១៤ ។
លោកអភិបាលខណ្ឌ បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធិផលថ្មីបន្ថែមទៀត របស់ខណ្ឌ ដង្កោ តាមរយៈគម្រោង ថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៤ ដែលនៅថ្ងៃនេះ សង្កាត់ដង្កោ និងសង្កាត់ជើងឯក ទទួលបានផ្លូវបេតុងចំនួន០៣ខ្សែ និងប្រព័ន្ធលូ ០២ខ្សែ សម្រាប់ប្រើប្រាស់ ក្នុងមូលដ្ឋាន សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ។នេះបង្ហាញអំពី ការអភិវឌ្ឍន៍ របស់មូលដ្ឋាន ក៏ដូចជារាជធានីភ្នំពេញទាំងមូល ក្រោមការដឹកនាំប្រកប ដោយគិតិ បណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី ។ លោកអភិបាលខណ្ឌ បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមឲ្យមានការយោគ យល់ អធ្យាស្រ័យ ចំពោះ ផលប៉ះពាល់មួយចំនួន ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងប្រព័ន្ធលូ ហើយសូមបងប្អូនជួយតាមដាន និងរាយការណ៍អំពីបញ្ហាកង្វះខាត នានាដែលពាក់ព័ន្ធនឹង ការ ស្ថាបនានេះដល់អាជ្ញាធរបានទាន់ពេលវេលា ដើម្បីយើងចាត់វិធានការ ។
គួរបញ្ជាក់ថា សមិទ្ធិផល ដែលត្រូវបើកការដ្ឋាន ស្ថាបនាក្នុងឱកាសនេះរួមមាន ៖ ផ្លូវបេតុងឆ្អឹងដែក ប្រវែង ៥៥៥ម៉ែត្រ ទទឹង ០៦ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ។ ផ្លូវបេតុងឆ្អឹងដែក ប្រវែង ៣៣០ម៉ែត្រ ទទឹង ០៤ម៉ែត្រ ស្ថិតក្នុងភូមិ សំបួរ សង្កាត់ដង្កោ។
ផ្លូវបេតុងឆ្អឹងដែក ប្រវែង ៣១០ម៉ែត្រ ទទឹង ០៤ម៉ែត្រ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ។ លូមុខកាត់ ០,៨ម៉ែត្រ ប្រវែង ២១៩ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ។លូមុខកាត់ ០,៨ម៉ែត្រ ប្រវែង ៣១១ម៉ែត្រ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ៕