សៀមរាប នៅល្ងាចថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៤នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបមានធ្វើពិធីប្រគល់និង ទទួលរថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿងនិងរថយន្តសង្គ្រោះចំនួន០៣គ្រឿងដែលជាអំណោយរបស់ ខេត្តជុងចុងណាំដូ នៃសាធារណរដ្ឋកូរ៉េ ជូនដល់កងរាជអាវុធហត្ថ
ខេត្តសៀមរាប ក្នុងការជួយសង្គ្រោះរាល់ឧប្បត្តិហេតុ ដែលមានកើតឡើងដល់ប្រជាពលរដ្ឋក្នុងខេត្ត។
ពិធីប្រគល់នេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ប៊ុន ថាប្ញទ្ធិ អភិបាលខេត្តស្តីទី លោក ហូ ស៊ឹងវ៉ុក អភិបាលរងខេត្តជុងចុងណាំដូ និង លោកឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអស់លោក លោកស្រីជាសមាជិកគណៈប្រតិភូ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមេបញ្ជាការរង សេនាធិការ ការិយាល័យ ចំណុះទីបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានលើក ឡើងពីកិច្ចសហប្រតិបត្តិការ រវាងខេត្តជុងចុងណាំដូ ក៏ដូចរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជាមួយអាជ្ញាធរខេត្ត និង កងរាជអាវុធហត្ថខេត្ត ដែលតែងតែផ្តល់ នូវសម្ភារៈឧបករណ៍ប្រើប្រាស់ដល់រាជអាវុធហត្ថខេត្ត ក្នុងពេលកន្លងមក ក្នុងពិនិត្យ ព្យាបាលដល់គ្រួសារកងទ័ព និង ប្រជាពលរដ្ឋខេត្តសៀមរាប ។
ជាសំខាន់នោះការផ្តល់នូវរថយន្តសង្គ្រោះដល់កងរាជអាវុធហត្ថខេត្ត ក្នុងការប្រើប្រាស់បម្រើការសង្គ្រោះដល់ជនរងគ្រោះ ។ ក្នុងនោះដែរឯកឧត្តមមេបញ្ជាការក៏បានលើកនូវ សំណូមពរមួយចំនួន ដល់គណៈប្រតិភូ ក្នុងការជួយផ្តល់នូវសម្ភារៈ ឧបករណ៍ ក្នុងការចុះជួយអន្តរាគមន៍ ក្នុងពេលដែល មានគ្រោះអគ្គីភ័យកើតឡើង និង ការចូលទៅសង្គ្រោះជនរងគ្រោះក្នុងភ្លើងទៀតផង ។
មានប្រសាសន៍នោះលោកហូស៊ឹងវ៉ុកអភិបាលរងខេត្តជុងចុងណាំដូ ក៏បានឯកភាពទៅនឹងសំណើដែលលោកមេបញ្ជាការកងរាជអាវុធហត្ថស្នើឡើងនឹង នាំយកទៅធ្វើការពិភាក្សាជាមួយគណៈអភិបាលខេត្តជុងចុងណាំដូដើម្បីជួយដល់ខេត្តសៀមរាប។
ឯកឧត្តមបានបន្តទៀតថាខេត្តជុងចុងណាំដូនិងខេត្តសៀមរាបជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នាចាប់ពីឆ្នាំ២០០៨ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការល្អនឹងគ្នាផងដែរ។ម្យ៉ាងទៀតកន្លងមកខេត្តជុងចុងណាំដូ បានដឹកនាំក្រុមគ្រូពេទ្យស្ម័ត្រចិត្តកូរ៉េ ចុះមកធ្វើការព្យាបាលជម្ងឺជូនប្រជាជននៅខេត្តសៀមរាប ព្រមទាំងបានផ្តល់នូវ រថយន្តសង្គ្រោះដល់កងកម្លាំងរាជអាវុធហត្ថខេត្តសៀមរាប។
លោកបានបន្តទៀតថាថ្ងៃនេះ គណៈប្រតិភូត្រូវប្រគល់ជូននូវរថយន្តពន្លត់អគ្គីភ័យនិងរថយន្តសង្គ្រោះដល់កងរាជអាវុធហត្ថខេត្ត ដើម្បីជាមធ្យោបាយក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបនូវឧប្បត្តិហេតុផ្សេងៗ ដែលកើតឡើងក្នុងខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរលោក ប៊ុន ថាប្ញទ្ធិ ក៏បានសម្តែងនូវអំណរគុណនូវចិត្តសប្បុរសរបស់អាជ្ញាធរ និង ប្រជាជនខេត្តជុងចុងណាំដូដែលជាខេត្តសម្ព័ន្ធមេត្រីភាពក៏ដូចរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងផ្តល់នូវជាឧបករណ៍សម្ភារៈបរិក្ខាសុខាភិបាលសំខាន់នូវរថយន្តសង្គ្រោះដល់ខេត្តសម្ព័ន្ធមេត្រីនឹងគ្នា ព្រមទាំងចុះមកធ្វើការព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ ទាំងនេះហើយដែលជាកាយវិការមនុស្សធម៌ដែលធ្វើឲ្យចំណងនៃសម្ព័ន្ធមេត្រីភាពនៃខេត្តទាំងពីរ កាន់តែនៅជិតគ្នាជានិច្ច ។
ឯកឧត្តមអភិបាលខេត្តស្តីទី ក៏បានបន្តទៀតថា សម្ព័ន្ធមេត្រីភាពរវាង ខេត្តជុងចុងណាំដូ និង ខេត្តសៀមរាប បានចាប់បដិសន្ធិកឡើងនៅឆ្នាំ២០០៨ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ សុខាភិបាល វប្បធម៌ និង ទេសចរណ៍ ព្រមទាំងបានធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ តាមរយៈគណៈប្រតិភូ និង បានផ្តល់ នូវអាហារូបករណ៍ដល់មន្ត្រី និង សិស្សនៅខេត្តសៀមរាបបានទៅសិក្សារៀនសូត្រ នៅសាធារណរដ្ឋកូរ៉េផងដែរ ។
មាន ប្រសាសន៍បញ្ជាក់នោះដែរ លោក ប៊ុន ថាប្ញទ្ធិ ក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្តជុងចុងណាំដូ ដែលបានផ្តល់នូវរថយន្តពន្លត់អគ្គីភ័យនិងរថយន្តសង្គ្រោះជូនដល់កងរាជអាវុធហត្ថខេត្តសៀមរាបនាថ្ងៃនេះ គឺកាន់តែធ្វើឲ្យចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកានតែមានភាពល្អប្រសើរឡើង ព្រមទាំងមានការសង្ឃឹមជឿជាក់ចំពោះលោកប្រធានគណៈប្រតិភូនឹងពាំនាំនូវរាល់សំណើដែល លោក
មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏ដូចជាអាជ្ញាធរខេត្តបានលើកឡើង ដើម្បីធ្វើការពិភាក្សាជមួយលោកគណៈអភិបាលខេត្តជុងចុងណាំដូក្នុងការជួយដល់ប្រជាជនខេត្តសៀមរាប ក៏ដូចប្រជាជនកម្ពុជាទាំងមូលផងដែរ។ម្យ៉ាងទៀតតម្រូវការនេះដោយខេត្តសៀមរាបជា តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្នុងការធានាដល់សុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្តផងដែរ ។
លុះនៅព្រឹកថ្ងៃទី១៩ខែឆ្នាំដដែលក្រុមជំនាញឯកទេសរថយន្តពន្លត់អគ្គីភ័យនិង រថយន្តសង្គ្រោះជាជនជាតិកូរ៉េក៏បានធ្វើការបង្ហាត់បង្ហាញជូនដល់ក្រុមជំនាញរបស់កងរាជអាវុធហត្ថ អំពីយុទ្ធវិធីក្នុងការប្រើប្រាស់ ការសង្គ្រោះ និង ការ ថែទាំងយានយន្ត ឧបករណ៍ សម្ភារៈពន្លត់អគ្គីភ័យ និង រថយន្តសង្គ្រោះផងដែរ ៕
ដោយគឿនវ៉េត