កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវទីតាំងជាក់ស្តែងសម្រាប់អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ឃីម សុខឃាង បានគូបបញ្ជាក់ថាការចុះត្រួតពិនិត្យនេះមានគោលបំណងសំខាន់ដើម្បីវាយតម្លៃ និងពិនិត្យទីកន្លែងបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ និងគ្មានដីធ្លី។ គម្រោងនេះនឹងផ្តល់ជូននូវដីសម្រាប់សង់លំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្ម ដើម្បីជួយលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងអំឡុងពេលចុះពិនិត្យ លោកអភិបាលស្រុកបានពិភាក្សាជាមួយក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព។ លោកអភិបាលស្រុក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ ដើម្បីសម្រួលដល់ការរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនាពេលអនាគត។ គម្រោង LASED III គឺជាយន្តការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការផ្តល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលគ្មានដីធ្លី ឬមានដីតិចតួច។ ការបង្កើតសហគមន៍កសិកម្មថ្មីមួយ ដែលមាននិរន្តរភាព និងជួយពង្រឹងសន្តិសុខស្បៀងនៅក្នុងសហគមន៍ផងដែរ។
បន្ទាប់ពីការពិនិត្យទីតាំង លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានថ្លែងថា អាជ្ញាធរស្រុកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលការរៀបចំផែនការ និងចាប់ផ្តើមដំណើរការបែងចែកដីជូនប្រជាពលរដ្ឋតាមគោលការណ៍ដែលបានកំណត់។ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងគម្រោង ឱ្យចូលរួមសហការជាមួយក្រុមការងារ ដើម្បីធានាថាការអនុវត្តគម្រោងនេះទទួលបានជោគជ័យ មានតម្លាភាព និងផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់បានទាន់ពេល។






































