កំពង់ធំ÷ ឯកឧត្តមបណ្ឌិត សួង ណយរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ ឯកឧត្តមបានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងជំនួបប្រជុំពិភាក្សា ស្ដីពីហិរញ្ញប្បទានសម្រាប់ផ្នែកវារីវប្បកម្ម ការប្រមូលទិញ
ការកែច្នៃផលនេសាទ ផលិតចំណីត្រីនៅសាលាស្រុកស្ទោង កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ម្ចាស់កសិដ្ឋាន និងសិប្បកម្មកែច្នៃត្រូវតែធ្វើផែនការអាជីវកម្មឱ្យបានច្បាស់លាស់ ដូចជា ទីតាំង ការរៀបចំស្រះ ជ្រើសរើសពូជ ការជ្រើសរើសនិងផ្គត់ផ្គង់ចំណី ការ រៀបចំថែទាំបច្ចេកទេសរួម បញ្ហាហិរញ្ញវត្ថុនិងទីផ្សារ ព្រមទាំងបញ្ហារួមផ្សំផ្សេងៗជាច្រើនទៀត។ លើសពីនេះគឺត្រូវមានសង្វាក់ផលិតកម្មរឹងមាំដែលអាចផលិត និងផ្គត់ផ្គង់ចំណីត្រី សាច់ និងការកែច្នៃ ផលិតផលគ្រប់ប្រភេទដល់ដល់ដៃអ្នកប្រើប្រាស់ បានគ្រប់ចំនួនប្រកបដោយបទដ្ឋានគុណភាព អនាម័យ ព្រមទាំងតម្លៃទីផ្សារ មានអត្ថប្រយោជន៍សម្រាប់ទ្រទ្រង់សុខភាព និងសុខមាលភាពមនុស្សជាតិផងដែរ។
ឯកឧត្តមបណ្ឌិត បានណែនាំដល់កសិករអាចជ្រើសរើស និងផ្លាស់ប្ដូរការចិញ្ចឹមត្រីផ្សេងៗ ងាកមកការចិញ្ចឹម(ត្រីរ៉ស់)ដែលជាប្រភេទពូជត្រីសំបូរទីផ្សារ សំបូរចំណី ឆាប់ធំធាត់លឿន ហើយកសិករអាចទទួលបានអត្ថប្រយោជន៍និងប្រាក់ចំណេញច្រើនផងដែរ។
ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត សួង ណយរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានណែនាំដល់កសិករត្រូវចងក្រងគ្នាជាសហគមន៍ មានគំនិតនិងការច្នៃប្រឌិតខ្ពស់ ជាពិសេសគឺការជ្រើសរើសការផលិតចំណីដោយខ្លួនឯងជាចំណីដែលវត្ថុធាតុដើមងាយៗនៅក្នុងមូលដ្ឋានដូចជាដំឡុងមី ស្រូវ កន្ទក់ ចុងអង្ករ ដែលប្រើប្រាស់ដើមទុនតិចទទួលបាននូវចំណីប្រកបដោយប្រូតេអ៉ីនគុណភាពខ្ពស់ ហើយកាត់បន្ថយការចំណាយ និងទទួលបានប្រាក់ចំណេញច្រើន។សូមបញ្ជាក់ថាស្រុកស្ទោង មានអ្នកចិញ្ចឹមត្រីចំនួន៣៦៨គ្រួសារ មានស្រះចំនួន១៤៥ស្រះ បែរ២៣៤ និងមានទីតាំងកែច្នៃ៦១កន្លែងផងដែរ៕






































