កំពង់ធំ ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានត្រូវជួយថែរក្សាដើមឈើ សមិទ្ធផលនានា ដែលអាជ្ញាធរធរ និងរាជរដ្ឋាភិបាលបានកសាងជូន។ លោកអភិបាលស្រុកស្ទង់ និងក្រុមការងារចុះពិនិត្យមើលការដាំដើមក្ងោក២០០ដើម នៅក្នុងភូមិសាស្ត្រឃុំសំព្រោជ នៅសងខាងផ្លូវជាតិលេខ៦ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។
លោកបានបន្ថែមថាក្រោយពីដាំដើមឈើរួចរាល់ជាស្ថាពរវាគឺជាផ្នែកមួយបន្ថែមទៀតក្នុងការលើកកម្ពស់សោភ័ណភាពស្រុកស្ទោងនិងចូលរួមទាក់ទាញភ្ញៀវទេសចរ ព្រមទាំងលើកកម្ពស់ខឿនសេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិមួយផ្នែកផងដែរ ហើយប្រជាពលរដ្ឋអាចដាំដើមឈើ តាមភូមិឋានរបស់ខ្លួនជាលក្ខណៈគ្រួសារ ជាឈើហូបផ្លែ ជាឈើយកម្លប់ឬឈើប្រណីតជាដើម នៅតាមទីសាធារណៈនានា ក៏ដូចជាសាលារៀន វត្តអារាម និងទីទួលបុរាណដ្ឋានផ្សេងៗ។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតដល់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ តែងតែណែនាំចង្អុលបង្ហាញលើការលើកកម្ពស់ ការអភិវឌ្ឍស្រុកស្ទោងទាំងមូលក៏ដូចជាការរៀបចំសោភ័ណភាព បរិស្ថាន ជាពិសេសការដាក់បំពាក់សូឡាបំភ្លឺផ្លូវ និងដាំដើមក្ងោកជាច្រើនពាន់ដើមយ៉ាងស្រស់បំព្រងនៅតាមដងផ្លូវជាតិលេខ៦ ដែលជាផ្លូវដ៏សំខាន់មួយសម្រាប់ភ្ជាប់ពីទីរួមខេត្តកំពង់ធំ ទៅខេត្តសៀមរាប ហើយជាផ្លូវសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់ផងដែរ។
សូមបញ្ជាក់ថា ការដាំដើមក្ងោកនៅព្រឹកនេះមានចំនួន២០០ដើម ហើយស្រុកស្ទោងគ្រោងដាំដើមក្ងោកលាតសន្ធឹងលើផ្លូវជាតិលេខ ៦ប្រវែងជិត៤០គីឡូម៉ែត្រ ពីព្រំប្រទល់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រហូតដល់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាបផងដែរ។




































