(ខេត្តកំពង់ធំ)៖ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត។
នៅក្នុងកិច្ចប្រជុំនេះ មានរៀបវារៈ៥សំខាន់ៗ ដើម្បីដាក់ជូន អង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ១៥ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័តគម្រោងចំណូលចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៦
៤- ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបប ធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ធំ
៥- បញ្ហាផ្សេងៗ
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ដៀប ពីរី ថ្លែងការកោតសរសើរលេីការងារកសិកម្មដែលមានការអភិវឌ្ឍន៍យ៉ាងល្អប្រសេីរឡេីង នៅក្នុងឆ្នាំ2025 និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការអភិវឌ្ឍ លើលទ្ធផលរបស់រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមទទួលបានប្រសិទ្ធភាព និងជាពិសេសទទួលបានការសាទរ ពីប្រជាពលរដ្ឋ។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សា ជំរុញដល់មន្រ្តីទទួលបន្ទុកធ្វើរបាយការណ៍ ត្រូវត្រួតពិនិត្យ និងកែសម្រួលខ្លឹមសារ អក្ខរាវិរុទ្ធ និងតួលេខលើរបាយការណ៍ឱ្យបានត្រឹមត្រូវ មានលក្ខណៈពេញលេញ ដើម្បីរក្សាទុកចងក្រងជាឯកសារ។
ជាមួយគ្នានោះ លោកជំទាវ លំ គន្ធារី បានទទួលយកការកោតសរសើរពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សា និងណែនាំបន្ថែមដល់មន្ត្រីពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្តដេីម្បីជំរុញឱ្យកាន់តែល្អប្រសើរ។
អត្ថបទនិងរូបភាព ដោយ យីម ប៊ុន ហ័រ





































