​ចោរ​ប្រុស​ស្រី​ចំនួន​០៣​នាក់ បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ទួលគោក ធ្វើ​ការចាប់​ឃាត់ខ្លួន​

0

​ភ្នំពេញ​៖ ជនសង្ស័យ ចំនួន ០៣​នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ទួលគោក ធ្វើ​ការចាប់​ឃាត់ខ្លួន ក្នុងនោះ​មាន​ស្រី​ម្នាក់ បន្ទាប់ពី​ជនសង្ស័យ ទាំងនេះ បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ គ្មាន​ស្លាក​លេខ នៅលើ​ដងផ្លូវ ចំណុច​មុខផ្ទះ​លេខ ១៤Eo​ផ្លូវ​លេខ ១១៤ កែង​ផ្លូវ ៥១ ក្នុងភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ២៣ និង​សូន្យ​នាទី យប់​ថៃ្ង​ទី​៨ ខែមីនា ឆ្នាំ​២០១៤ ។

ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១៣ និង​សូន្យ​នាទី ថៃ្ង​ទី​១១ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ ១៦៨ ក្រុមទី​៣ ភូមិ​២ សង្កាត់​ទឹកល្អក​ទី​៣ ខណ្ឌទួលគោក ។ ​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​សមត្ថកិច្ច​នគរ​បាល​ខណ្ឌទួលគោក ធ្វើ​ការចាប់​ឃាត់ខ្លួន​បាន ទី​១​មានឈ្មោះ សន សត្យា​ត្រា​ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំមាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្នុងភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។ ជនសង្ស័យ​ទី​២​មានឈ្មោះ រឿន ដា ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៣ ក្នុងផ្ទះ​សំណាក់ បុ​ប្ឆា ម្តុំ​បឹងកក់ សង្កាត់​ស្រះចក ។

និង​ជនសង្ស័យ​ម្នាក់ទៀត​មានឈ្មោះ ហង់ ស្រី​ពៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មានមុខរ​បរជា​អ្នករកស៊ី​ផ្លូវភេទ ម្តុំ​វត្តភ្នំ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៣ ក្នុងផ្ទះ​សំណាក់ បុ​ប្ឆា ម្តុំ​បឹងកក់ សង្កាត់​ស្រះចក ។ ​ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ គ្មាន​ស្លាក​លេខ មានឈ្មោះ រុន ផល្លា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​មុខរបរ​ជាងភ្លើង ស្នាក់នៅ​ផ្ទះជួល​លេខ​០៩៣ ផ្លូវ​លេខ​៧០ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ​

សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា នៅ​យប់​ថៃ្ង​កើតហេតុ ខាងលើ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី​របស់ខ្លួន មករក​សេវា​ផ្លូវភេទ ហើយក​ក៏មាន​ទំនាក់ទំនង​គ្នា​ជាមួយ​ជនសង្ស័យ​ឈ្មោះ ហង់ ស្រី​ពៅ ដែល​កំពុង​ប្រើប្រាស់​រូបភាព​ការ​ឈ​ទាក់​ម៉ូយ​នៅ​ម្តុំ​ផ្លូវ​លេខ ៧០ ពេលដែល​ជនរងគ្រោះ និង​នារី​ដែលជា​ជនសង្ស័យ​បាន​ទាក់ទង​គ្នា​រួច ជនសង្ស័យ​ឈ្មោះ ហង់ ស្រី​ពៅ បាន​សុំ​ជនរងគ្រោះ​បើក​ម៉ូតូ​ហើយក៏​ឈប់​នៅ​ចំណុចកើតហេតុ ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន ០២​នាក់​ទៀត បាន​ដើរមក​រករឿង ជនរងគ្រោះ ដោយបាន​ចោទ​ទៅលើ​ជនរងគ្រោះ​ថា ជនរងគ្រោះ​ទាក់ទង​ជាមួយ​សង្សារ​របស់​រូប​គេ ដែលជា​ជនសង្ស័យ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​បាននាំគ្នា​ព្រួត​ដេញ​វាយ​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​បាន​រត់​ចេញពី​ម៉ូតូ ទើប​ជនសង្ស័យ​ឈ្មោះ ហង់ ស្រី​ពៅ បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឌុប​បក្សពួក ទាំង​៣​នាក់ រត់គេចខ្លួន​តែម្តង ក្រោយពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​ទៅលើ​ជនរងគ្រោះ​រួចមក ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​គេចខ្លួន​ព្រមទាំង​ដោះ​ស្លាក​លេខ​ម៉ូតូ​ចេញ ។ ​

សមត្ថកិច្ច​បាន​បន្តថា លុះ​មកដល់​ថៃ្ង​ទី​១១ ខែមីនា វេលា​ម៉ោង ១៣ និង​សូន្យ​នាទី ជនសង្ស័យ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​ប្លន់​បាន​នៅ​ថៃ្ង​កើតហេតុ​ខាងលើ ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ ១៨៦ ក៏​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុ​ស្ត៏​ទឹកល្អក់​ទី​៣ កំពុង​ដើរល្បាត​ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន បានឃើញ​ចាប់ធ្វើ​ការឃាត់ខ្លួន​បានតែ​ម្តង​។ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ 02 01