កំពង់ឆ្នាំង៖ លោកលៀង ជុំសុបិន្ត នាយកទីចាត់ការសាលាខេត្ត និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកប្រធានសហភាពសហព័ន្ធស្រុកបរិបូណ៌ អាជ្ញាធរឃុំនិងប្រធានយុវជនឃុំ នៅព្រឹកថៃ្ងទី២០ខែវិច្ឆិកាឆ្នាំ២០១៤បាននាំយកថវិកាជា
អំណោយរបស់ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងជូនកីឡាករទូកចែវឈ្មោះ សម្តេចចៅហ្វាវាំង គង់ សំអុល ស្ថិតនៅវត្តកំពង់ព្រះភូមិកំពង់ព្រះឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ហៀង ខ្ជឹង គ្រូបង្វឹកកីឡាករបានអោយដឹងថា៖ទូកចែវសម្តេចចៅហ្វាវាំងគង់បានធ្វើរួចរាល់នៅឆ្នាំ២០១០ដោយបានការជួយឧបត្ថម្ភពីសម្តេចចៅហ្វាំង គង់ សំអុលឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង និង ឯកឧត្តម អស់លោកលោកស្រី ក្នុងក្រុមការងារចុះជួយឃុំឆ្នុកទ្រូជាច្រើននាក់ទៀត។
លោកបានបន្តទៀតថាទូកចែវសម្តេចចៅហ្វាវាំង គង់ សំអុល មានកីឡាករចំនួន៣៩នាក់ ហើយក្នុងការប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេសពីថៃ្ងទី៥ដល់ថៃ្ងទី៧ខែវិច្ឆិកា កន្លងទៅនេះគឺទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស ហើយអ្វីដែលទទួលបានជោគជ័យនេះគឺដោយមានការឧបត្ថម្ភគាំទ្រពីសម្តេចចៅហ្វាវាំង គង់ សំអុល និង កំលាំងសាមគ្គីរបស់កីឡាករ ក្នុងក្រុមទាំងអស់។
លោក លៀង ជុំសុបិន្ត បានមានប្រសាសន៍ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ
ពីសំណាក់ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ឆ្នាំង ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនកីឡាករជានិច្ច និង ចូលរួមអបអរសារទរដែលកីឡាករទាំងអស់ចេះសាមគ្គីសហការគ្នា រហូតទទួលបានជ័យជំនៈលេខ១ទូទាំងប្រទេស។
លោកបានផ្តាំផ្ញើរថា៖សុំអោយបងប្អូនកីឡាករទាំងអស់ខិតខំបន្តសាមគ្គីសហការគ្នាបន្តទៀត ដើម្បីដណ្តើមជ័យជំនៈនៅឆ្នាំក្រោយទៀត ដោយកីឡាករទាំងអស់ត្រូវចេះថែទាំសុខភាពអោយបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនអោយកាន់តែរីកចំរើន និងត្រូវប្រកបមុខរបបរកស៊ីស្របច្បាប់ ដើម្បីរកចំណូលចិញ្ចឹមគ្រួសារអោយកាន់តែមានជីវភាពធូរធារគ្រប់ៗគ្នា៕