ខេត្តព្រះវិហារ៖ ឈើជ្រុងមិនតិចជាង ២០ដុំ ត្រូវគេឃើញ បានក្អែចេញមកខាងក្រៅរថយន្តម៉ាកគា ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BF-4371 បន្ទាប់ពីរយន្តនោះបានបែកកងក្រោយខាងឆ្វេងក្រឡាប់ទៅខាងស្តាំ នៅលើកំណាត់ផ្លូវជាតិលេខ ៦២ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៧០-៧១ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ នាវេលាម៉ោងប្រមាណជាង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឃ្លុប ១គ្រឿង បានបើកបោះពួយក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាលឿន លុះមកដល់ចំណុចកើតហេតុខាងលើ គេបានឃើញរថយន្តនោះបែកកង់ក្រោយ នៅផ្នែកខាងឆ្វេង ហើយបានប្រាស់ខ្លួនដេកទៅខាងស្តាំដៃ ខណៈនោះ គេបានឃើញឈើជ្រុងជាច្រើនដុំ ខ្ទាតចេញមកខាងក្រៅរថយន្ត ធ្លាក់រាយប៉ានៅលើចិញ្ចើមផ្លូវ ដែលឈើទាំងនោះ គេបានធ្វើការរាប់ឃើញថា មានចំនួន ២១ដុំ ជាប្រភេទឈើសុក្រំជ្រុង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង និងកម្លាំងនគរបាលទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុករវៀង បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំយករថយន្ត និងឈើទាំងនោះទៅអនុវត្តតាមនីតិវិធីច្បាប់ ។
ប្រភពបន្តថា ឈើសុក្រំដែលមានចំនួន ២១ដុំ ត្រូវគេរកឃើញ និងយកទៅរក្សាទុកជាសម្បត្តិរដ្ឋ នៅផ្នែករដ្ឋបាលព្រៃឈើរវៀង មានតែចំនួន ១៧ដុំប៉ុណ្ណោះ។ ចំណែក ឈើ៤ដុំទៀត មិនដឹងជាបាត់ទៅណានោះទេ រីឯរថយន្តត្រូវបានកម្លាំងនគរបាលចរាចរណ៍ នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករវៀង ខណៈដែលការក្រឡាប់រថយន្តដឹកឈើនោះ មិនបានបង្កការគ្រោះថ្នាក់ដល់អ្នកដំណើរឯទៀតក៏ដោយចុះ។
ដោយឡែក តៃកុងរយន្តដឹកឈើទាំង ២១ដុំនោះ ត្រូវគេរាយការណ៍ថា បានរត់គេចខ្លួនទាំងយប់ មុនពេលសមត្ថកិច្ចចុះទៅដល់ ហើយខណៈនោះសមត្ថកិច្ចកំពុងស្វែងរក និងកំណត់មុខសញ្ញាតៃកុងរថយន្តនោះ ដើម្បីឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
ប្រភពរាយការណ៍បានបញ្ជាក់ថា រថយន្តឃ្លុបម៉ាកគា ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BF-4371នេះ បានដឹកជញ្ជូនឈើចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ ហើយសកម្មភាពធ្វើជំនួញឈើល្មើសច្បាប់នេះ មិនមែនទើបតែកើតឡើងក្នុងពេលនេះទេ គឺគេបានដាក់ការសង្ស័យថា គឺជាសកម្មភាពល្មើសច្បាប់ ដែលបានកើតឡើងជាយូរមកហើយ កុំតែបែកកង់ក្រឡាប់ ពុំនោះទេឈើទាំងនោះនឹងដឹកទៅដល់គោលដៅបាត់ទៅហើយ។ ចំណែក សមត្ថកិច្ចជាច្រើនប្រភេទ ដែលមានស្នាក់ការបណ្តាក់គ្នានៅតាមបណ្តោយផ្លូវ ហាក់កំពុងដេកយ៉ាងលង់លក់នៅក្នុងដំណេកយ៉ាងស្កប់ស្កល់៕ដោយ៖ឡុង សំបូរ





































